នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” ជូនដល់ប្រធាន អនុប្រធាន និងអ្នកបច្ចេកទេសកុំព្យូទ័រនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប។
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមអគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ មិនអាចខ្វះបាន ហេតុនេះហើយទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជា-ណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ឯកឧត្ដម បានមានប្រសាសន៍បន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ត្រូវចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដូចបានកំណត់ក្នុងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ដោយឡែក ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្ដមអគ្គលេខាធិការរង គ.ជ.ប បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គ.ជ.ប មានគោលបំណងធ្វើយ៉ាងណាធានាឱ្យបញ្ជីបោះឆ្នោត
មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ ៖
១. អ្នកមកសុំចុះឈ្មោះបោះឆ្នោត៖
- ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត
- ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣
- ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
២. អ្នកមកស្នើសុំធ្វើបច្ចុប្បន្នភាព៖
- ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២១ រួចហើយ ប៉ុន្តែឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតកត់ត្រាមិនត្រឹមត្រូវ
- ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២១ រួចហើយ ប៉ុន្តែស្នើសុំប្តូរការិយាល័យពីភូមិមួយទៅភូមិមួយទៀតក្នុងឃុំ សង្កាត់ដដែល ឬសុំប្តូរពីការិយាល័យមួយទៅការិយាល័យមួយទៀតក្នុងភូមិតែមួយ
- ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២១ ដែលបានទទួលមរណភាព ហើយត្រូវបានសមាជិកគ្រួសាររាយការណ៍ផ្ទាល់ជូនក្រុមចុះឈ្មោះបោះឆ្នោត ដោយភ្ជាប់មកជាមួយឯកសារត្រឹមត្រូវ និងច្បាស់លាស់ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ បន្ទាប់មកក្រុមចុះឈ្មោះបោះឆ្នោតត្រូវរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីអនុវត្តនីតិវិធីស្រង់ឈ្មោះដាក់នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត
- ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២១ ដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ប្រភេទចាស់ដែលហួសសុពលភាព ឬ/និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ក្នុងការសុំចុះឈ្មោះបោះឆ្នោតនាឆ្នាំកន្លងទៅ បានមកស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីរបស់ខ្លួន។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប ដោយមានការចូលរួមពីសំណាក់ប្រធាន អនុប្រធាន និងអ្នកបច្ចេកទេសកុំព្យូទ័រនៃ លធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ សរុបចំនួនប្រមាណ ១៤០នាក់៕