សេចក្តីប្រកាសព័ត៌មានលេខ ០៩៦ គ.ជ.ប.អគ្គ៖ ការចាប់ផ្ដើមដំណើរការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១

យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ។ ការចែកលិខិតអញ្ជើញនេះមានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ហើយប្រសិនបើមានលិខិតអញ្ជើញនៅសល់ ត្រូវរក្សាទុកនៅសាលាឃុំ សង្កាត់ ដើម្បីផ្ដល់បន្ត រហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ គ.ជ.ប បានផលិតលិខិតអញ្ជើញ ចំនួន ៩.២០៥.៦៨១ សន្លឹក ដើម្បីចែកជូនដល់អ្នកបោះឆ្នោត។

សូមជម្រាបជូនថា គោលបំណងនៃការផ្ដល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដូចខាងក្រោម៖

-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) កន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាម អ.ខ ដែលមានសុពលភាពក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ហើយដែលបានប្រើ អ.ខ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។ ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវតាម អ.ខ ដែលមានសុពលភាព អាចស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

 

សូមបញ្ជាក់ជូនថា បើទោះបីជាអ្នកបោះឆ្នោតមិនបានទទួលលិខិតអញ្ជើញដោយមូលហេតុណាមួយ ឬអ្នកបោះឆ្នោតដែលទទួលបានលិខិតអញ្ជើញហើយ ប៉ុន្តែខកខានមិនបានមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមការអញ្ជើញ ក៏ឈ្មោះរបស់ពួកគាត់ នៅរក្សាដដែលក្នុងបញ្ជីបោះឆ្នោត៕

 

ទាញយកកម្មវិធី(App) CamNEC News