សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៥៨ គ.ជ.ប ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់ គ.ជ.ប នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២

នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ សម្រេចលើខ្លឹមសារអត្ថបទវីដេអូសម្រាប់ធ្វើការបណ្តុះបណ្តាល ស្ដីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ និងពិនិត្យ សម្រេចលើខ្លឹមសារអត្ថបទវីដេអូ សម្រាប់អប់រំប្រជាពលរដ្ឋទូទៅឱ្យយល់ដឹងអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

 

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួននៃខ្លឹមសារអត្ថបទវីដេអូទាំងពីរនេះ រួចអនុញ្ញាតឱ្យមន្ត្រីជំនាញយកទៅថត តាមខ្លឹមសារនៃអត្ថបទដែលបានកែសម្រួល បន្ទាប់មកត្រូវដាក់វីដេអូដែលថតរួចឆ្លងអង្គប្រជុំ គ.ជ.ប ម្តងទៀតមុននឹងយកទៅអនុវត្ត និងផ្សព្វផ្សាយជូនសាធារណជន។

 

តាមខ្លឹមសារអត្ថបទវីដេអូខាងលើនេះ វីដេអូ ស្ដីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៦០នាទី ប្រើសម្រាប់ធ្វើការបណ្ដុះបណ្ដាលជូនមន្ត្រីបោះឆ្នោត និងវីដេអូមួយទៀតមានរយៈពេល ១៥នាទី ប្រើសម្រាប់ផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងអញ្ជើញពួកគាត់ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត និងសម្រាប់ប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំ ត្រូវអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore