នាព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នៅសាលសន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១ ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងលទ្ធផលបណ្ដោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំបានមានប្រសាសន៍ថា មុនបើកដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ គ.ជ.ប ត្រូវផ្សព្វផ្សាយជាសាធារណៈនូវចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ចំនួនស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា ផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ និងដោយមានកិច្ចខិតខំប្រឹងប្រែងពីមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងប្រទេស គ.ជ.ប ទទួលបានលទ្ធផលល្អក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ៖
- ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន ១០.៨៧៧.០១៧នាក់ ក្នុងនោះស្រីមានចំនួន ៥.៥៦៨.៣៩៨នាក់
- ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១ មានចំនួន៩.២០៥.៦៨១នាក់
- ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២ មានចំនួន ៤០៩.០៥៦នាក់
- ចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ១០៤.៩៥៦នាក់
- ចំនួនការិយាល័យបោះឆ្នោត ឆ្នាំ២០២២ ប៉ាន់ស្មានមានចំនួន ២៣.៧៦០ការិយាល័យ។
ចំពោះការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានជម្រាបជូនថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន ៤.៥៨០.៦០៣នាក់ ស្មើនឹង ៤៩.៧៦ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។ ការងារចែកលិខិតអញ្ជើញនេះនៅតែបន្តរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមបានបញ្ជាក់ទៀតថា លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការលើកនេះ គ.ជ.ប បោះពុម្ពមានភ្ជាប់រូបថតសាមីខ្លួន ដែលធ្វើឱ្យមានភាពងាយស្រួលដល់ការចែកជូនប្រជាពលរដ្ឋ។
មានសំណួរ និងសំណូមពរមួយចំនួនរបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះបានលើកឡើងដូចខាងក្រោម៖
- ពាក់ព័ន្ធនឹងពលករនៅប្រទេសថៃ ចង់ឱ្យមានការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់ពួកគាត់នៅតាមខេត្តដែលជាប់ព្រំដែនកម្ពុជា និងថៃ
- ប្រជាពលរដ្ឋខ្មែររស់នៅបរទេសមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តើពួកគាត់អាចចុះឈ្មោះបោះឆ្នោតបានដែរឬទេ?
- តើគណបក្សនយោបាយអាចជួយធ្វើការផ្សព្វផ្សាយខ្លឹមសារអំពាវនាវរបស់ គ.ជ.ប តាមទីសាធារណៈ ដើម្បីជំរុញប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោតបានដែរឬទេ?
- តើ គ.ជ.ប អាចស្នើទៅរដ្ឋសភាសុំឱ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោតបានឬទេ?
- ការចុះឈ្មោះបោះឆ្នោតកន្លងមកមានប្រជាពលរដ្ឋរអ៊ូថា ពួកគាត់ទៅចុះឈ្មោះបោះឆ្នោត តែក្រុមចុះឈ្មោះបោះឆ្នោតមិនចុះឱ្យគាត់ ដោយរង់ចាំការចុះឈ្មោះតាមភូមិ និងសំណូមពរឱ្យ គ.ជ.ប ជួយពិនិត្យបញ្ហានេះផង
- សម្ភារចុះឈ្មោះបោះឆ្នោតខូច ហើយអ៊ីនធឺណិត (Internet) យឺត។
គ.ជ.ប បានឆ្លើយទៅនឹងសំណួរ និងសំណូមពរដែលបានលើកឡើងខាងលើរបស់ភាគីពាក់ព័ន្ធដូចខាងក្រោម៖
- តាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើនៅតាមឃុំ សង្កាត់នីមួយៗ។ ការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវមានទីតាំងនៅសាលាឃុំ សង្កាត់ និងមួយចំនួនទៀតតាមភូមិក្នុងឃុំ សង្កាត់ ដែលប្រជាពលរដ្ឋកំពុងរស់នៅ ហើយដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌសញ្ជាតិខ្មែរ អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត និងមានលំនៅឋាន ឬទីសំណាក់ដែលសាមីខ្លួនកំពុងរស់ និងបោះឆ្នោតក្នុងឃុំ សង្កាត់នោះ។ ដូចនេះសម្រាប់ប្រជាពលរដ្ឋដែលរស់នៅបរទេសមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចចុះឈ្មោះបោះឆ្នោតបាន ប្រសិនបើគាត់មានលំនៅឋាន ឬទីសំណាក់នៅក្នុងឃុំ សង្កាត់ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា។
- គណបក្សនយោបាយដែលមានបំណងធ្វើសកម្មភាពផ្សព្វផ្សាយតាមទីសាធារណៈ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋចូលរួមចុះឈ្មោះបោះឆ្នោត ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរដែនដី តាមច្បាប់ស្ដីពីគណបក្សនយោបាយ ព្រោះការងារនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់ គ.ជ.ប។
- ចំពោះសំណួរសួរថា តើ គ.ជ.ប អាចស្នើទៅរដ្ឋសភាសុំឱ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោតបានឬទេ? គ.ជ.ប បានបញ្ជាក់ជូនថា គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់ ដែលមានជាធរមានដូចចែងក្នុងមាត្រា១៥០ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
- តាមនីតិវិធី ទោះបីចល័តការិយាល័យចុះឈ្មោះបោះឆ្នោតដល់ភូមិណាក៏ដោយ ក្រុមចុះឈ្មោះបោះឆ្នោតត្រូវចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅឃុំ សង្កាត់នោះ ប្រសិនបើមានការស្នើសុំ។ គ.ជ.ប សូមថ្លែងអំណរគុណចំពោះការផ្ដល់ព័ត៌មាននេះ ហើយ គ.ជ.ប នឹងធ្វើការពង្រឹង និងបណ្ដុះបណ្ដាលដល់ក្រុមចុះឈ្មោះបោះឆ្នោតបន្ថែមទៀតនៅឆ្នាំ២០២២ នេះ។
- ក្នុងឆ្នាំ២០២២ គ.ជ.ប នឹងមានសម្ភារថ្មីសម្រាប់ប្រើប្រាស់ជំនួសសម្ភារដែលបានខូច ឬប្រើប្រាស់លែងបាន ដើម្បីសម្រួលដល់ការអនុវត្តការងាររបស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ ចំពោះបញ្ហាអ៊ីនធឺណិត (Internet) យឺត គ.ជ.ប ពុំមានលទ្ធភាព និងសមត្ថភាពក្នុងការកែសម្រួលទេ ពីព្រោះការងារនេះទាក់ទងលើប្រព័ន្ធសេវារបស់ក្រុមហ៊ុនអ៊ីនធឺណិត (Internet) និងអាស្រ័យទៅតាមតំបន់នីមួយៗ។
នេះជាកិច្ចប្រជុំលើកទី២ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានមកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ សរុបចំនួនប្រមាណជាង ៦0នាក់៕