នាព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ សម្រេចលើស្ប៉តវីដេអូអប់រំ ចំនួន ៥រឿង និងវីដេអូចម្រៀងកាយវិការ ចំនួន ៣បទ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
បន្ទាប់ពីបានពិនិត្យវីដេអូ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចឱ្យអង្គភាពជំនាញធ្វើការកែសម្រួលខ្លឹមសារមួយចំនួន ហើយបានឯកភាពជាគោលការណ៍ឱ្យផ្សព្វផ្សាយតាមដំណាក់កាលស្របតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ចំណងជើងវីដេអូ ដែលនឹងត្រូវផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្ដាញទំនាក់ទំនងសង្គមទាំងនោះរួមមាន៖
១. ស្ប៉តវីដេអូអប់រំ៖
- រឿងទី១ “យុវជនឆ្លាតវៃ ចុះឈ្មោះបោះឆ្នោត”
- រឿងទី២ “មើលឈ្មោះហើយឬនៅ?”
- រឿងទី៣ “ការផ្ទេរឈ្មោះបោះឆ្នោតទៅឃុំ សង្កាត់ថ្មី”
- រឿងទី៤ “បញ្ជីបោះឆ្នោតដំបូងបិទផ្សាយហើយ”
- រឿងទី៥ “ឯកសារសម្រាប់ផ្ទៀងផ្ទាត់ជាមួយបញ្ជីបោះឆ្នោតដំបូង”។
២. ចម្រៀងកាយវិការ៖
- បទចម្រៀងទី១ “សូមអញ្ជើញពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១”
- បទចម្រៀងទី២ “ហេតុអ្វីត្រូវចុះឈ្មោះបោះឆ្នោត? ”
- បទចម្រៀងទី៣ “បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត បិទផ្សាយហើយ“។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕