សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ លេខ​ ០៦៣ គ.ជ.ប ស្តីពី កិច្ចប្រជុំផ្សព្វផ្សាយអំពីការបើកដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

នាព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នៅសាលសន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំជាមួ​​ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការបើកដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នីតិវិធីចុះឈ្មោះ ការបញ្ជូនទិន្នន័យចុះឈ្មោះ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

 

ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ គឺ​ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨​ ខែធ្នូ ឆ្នាំ២០២២។ ការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០នាទី ដល់ម៉ោង ៥:៣០នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះរៀងរាល់ ១៥ថ្ងៃម្តង ដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ពិភាក្សាលើការងារដែលបានអនុវត្តកន្លងមក និងរៀបចំការងារដែលត្រូវធ្វើបន្តទៅទៀត។

 

តាមប្រតិទិន ការបិទការិយាល័យនេះ ត្រូវធ្វើនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ និងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។ ប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់​ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ App-NEC KH ក្នុងទូរស័ព្ទដៃ។

            ពាក់ព័ន្ធនឹងនីតិវិធីសម្រាប់ចុះឈ្មោះ ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានបន្តថា ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣) គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ហើយដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ អាចសុំចុះឈ្មោះបោះឆ្នោតបាន។ ឯកឧត្តមបានបញ្ជាក់ជូនអំពីឯកសារដែល​ត្រូ​វយកទៅចុះឈ្មោះបោះឆ្នោត គឺប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត។ ប្រសិនបើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្ថិតនៅក្នុងឃុំ សង្កាត់ ដែល​ប្រជាពលរដ្ឋកំពុងរស់នៅ នោះក្រុមចុះឈ្មោះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់​ គ.ជ.ប។

 

ប្រសិនបើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខុសពីឃុំ សង្កាត់ ដែលប្រជាពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សងា្កត់ ដែលស្នើសុំចុះឈ្មោះ។

 

ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ក៏បានជម្រាបជូនអំពីនីតិវិធីនៃការធ្វើលិខិតបញ្ជាក់ទីលំនៅ និងនីតិវិធីនៃការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត។

ពាក់ព័ន្ធនឹងការបញ្ជូនទិន្នន័យ ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានបញ្ជាក់ថា អំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្រុមចុះឈ្មោះបោះឆ្នោតត្រូវបញ្ជូនទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតជារៀងរាល់ថ្ងៃ ដើម្បីឱ្យនាយកដ្ឋានត្រួតពិនិត្យការងារជាប្រចាំ។ ឯកឧត្តមបានបន្តថា នីតិវិធីនៃការចុះឈ្មោះ មានភាពងាយស្រួល និងច្បាស់លាស់ ហើយ គ.ជ.ប អាចបង្កើតបញ្ជីបោះឆ្នោតដំបូងព្រមគ្នាសម្រាប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយការបិទផ្សាយត្រូវធ្វើនៅថ្ងៃតែមួយ គឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ រួមទាំងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតផងដែរ ។

ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធដែលចូលរួម បានលើកជាសំណួរថា៖

-       តើ គ.ជ.ប ដោះស្រាយដូចម្ដេច ចំពោះតំបន់មួយចំនួនដែលជួបប្រទះនឹងគ្រោះទឹកជំនន់?

-       តើ គ.ជ.ប ត្រូវធ្វើបែបណាក្នុងការដោះស្រាយពាក្យបណ្ដឹង ដើម្បីឱ្យអ្នកប្ដឹងអាចទទួលយកបាន ហើយកន្លងមក (ឆ្នាំ២០២១) មានបណ្ដឹងចំនួនប៉ុន្មាន ដែល គ.ជ.ប បានទទួលដោះស្រាយ?

-       តើ គ.ជ.ប មានយន្តការដូចម្ដេច ដើម្បីឱ្យពលករនៅប្រទេសថៃបានចុះឈ្មោះបោះឆ្នោត?

-       ប្រសិនបើប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តើត្រូវធ្វើដូចម្ដេច?

ឆ្លើយតបនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនេះ គ.ជ.ប បានបញ្ជាក់ជូនថា គ.ជ.ប បានទទួលរបាយការណ៍អំពីទឹកជំនន់នៅតាមឃុំ សង្កាត់ ក្នុងខេត្តមួយចំនួន ក្នុងនោះមានខេត្តកំពង់ធំ និងខេត្តនៅជាប់ព្រំដែនថៃ។ ឥឡូវទឹកជំនន់នោះបានស្រកទៅវិញអស់ហើយ អ‍៊ីចឹងសម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដែលជាថ្ងៃចាប់ផ្ដើមបើកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឃុំ សង្កាត់ទាំងអស់ អាចបើកដំណើរការចុះឈ្មោះបាន មិនមានបញ្ហានោះទេ។

ចំពោះការដោះស្រាយពាក្យបណ្ដឹងក្នុងពេលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ កន្លងទៅ គ.ជ.ប ទទួលដោះស្រាយពាក្យបណ្ដឹងចំនួន ៣៧ ពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ ក្នុងពេលចុះឈ្មោះបោះឆ្នោតពុំមានពាក្យបណ្ដឹងទេ។ ពាក្យបណ្ដឹងតវ៉ាទាំង ៣៧ នោះត្រូវបាន គ.ជ.ប សម្រេចយល់ព្រមតាមពាក្យបណ្ដឹងចំនួន ៣២ បដិសេធលើពាក្យបណ្ដឹងចំនួន ៣ រីឯពាក្យបណ្ដឹងតវ៉ាចំនួន ២ ទៀត ត្រូវបានអ្នកប្ដឹងដកពាក្យបណ្ដឹងវិញ។ ជាគោលការណ៍ គ.ជ.ប តែងតែសម្រេចលើពាក្យបណ្ដឹងដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់។

ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោតបាន គឺគាត់ត្រូវតែវិលមកប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលគាត់រស់នៅ ស្របតាមឯកសារដែលគាត់មាន។

គ.ជ.ប ជួយសម្រួល ដើម្បីឱ្យពួកគាត់បានចុះឈ្មោះមុនគេឆាប់បានវិលត្រឡប់ទៅបំពេញការងារវិញ។ គ.ជ.ប នឹងធ្វើការអំពាវនាវផងដែរ ដើម្បីឱ្យគាត់បានទទួលព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោតនេះ។

ឆ្លើយទៅនឹងសំណួរចុងក្រោយ គ.ជ.ប ជម្រាបជូនថា ចំពោះអ្នកគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើសម្រាប់ចុះឈ្មោះបោះឆ្នោត សូមទៅស្នើសុំធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ដែលពួកគាត់កំពុងរស់នៅ និងត្រូវបោះឆ្នោត។

មុននឹងបញ្ចប់ ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានបូកសរុប និងវាយតម្លៃអំពីសំណួរលើកឡើងរបស់ភាគីចូលរួម និងបានថ្លែងអំណរគុណដល់ភាគី​ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់។

 

ក្នុងកិច្ចប្រជុំនេះ ក៏បានផ្សព្វផ្សាយអំពីលទ្ធផលនៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ គឺចែកបាន ៨.២០៨.៦៦៦ នាក់ ស្មើនឹង ៨៩,១៧%។  នេះជាកិច្ចប្រជុំលើកទី៤ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានមកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ ចំនួនប្រមាណជាង ៦០នាក់

 

ទាញយកកម្មវិធី(App) CamNEC News