សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប​ លេខ ០៦៤ គ.ជ.ប ស្តីពី ជំនួបរវាងឯកឧត្ដមប្រធាន គ.ជ.ប និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា

នារសៀលថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបសវនាការជាមួយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការ គ.ជ.ប វេលាម៉ោង ១៥:០០ ដើម្បីស្វែងយល់អំពីដំណើរការទូទៅនៃការបោះឆ្នោតនៅកម្ពុជា។

 

ក្នុងឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុនដែលតែងតែជួយដល់ គ.ជ.ប តាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន ទាំងមធ្យោបាយ សម្ភារ  បរិក្ខារ  បច្ចេកទេស  រួមទាំងអ្នកជំនាញការបោះឆ្នោត និងថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់លើការដឹកនាំរបស់ឯកឧត្តមប្រធាន គ.ជ.ប។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប តែងតែបំពេញភារកិច្ចរបស់ខ្លួនដោយឈរលើគោលការណ៍ច្បាប់។ ឯកឧត្តមបន្តថា ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ  សង្កាត់ អាណត្តិទី៥  ឆ្នាំ២០២២ ដែលទើបតែបញ្ចប់ថ្មីៗនេះ  ត្រូវបានមតិជាតិ  និងអន្តរជាតិភាគច្រើនលើសលប់វាយតម្លៃថា បានប្រព្រឹត្តទៅដោយរលូនល្អ ក្នុងបរិយាកាសសន្តិសុខ  សុវត្ថិភាព  និងសណ្ដាប់ធ្នាប់សាធារណ:ល្អ  គ្មានអំពើហិង្សា  គ្មានការគំរាមកំហែង ហើយការអនុវត្ត​បានត្រឹមត្រូវទាំងក្នុងក្របខ័ណ្ឌច្បាប់  និងក្របខ័ណ្ឌបច្ចេកទេស។

 

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣  ខែកក្កដា  ឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប ត្រូវអនុវត្តកិច្ចការរបស់ខ្លួនក្នុងដំណាក់កាលសំខាន់ៗទាំងបួននៃដំណើរការរៀបចំការបោះឆ្នោត នោះគឺ៖

-       ដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ  និងការចុះឈ្មោះបោះឆ្នោត  ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០២៣

-       ដំណាក់កាលនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត

-       ដំណាក់កាលនៃការឃោសនាបោះឆ្នោត

-       ដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍បន្តទៀតថា ក្នុងឆមាសទី២ នៅឆ្នាំ២០២២ នេះ គ.ជ.ប បានធ្វើកិច្ចការមួយចំនួនរួចរាល់ ដូចជា៖

-       ការត្រៀមរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលដំណើរការអនុវត្តកិច្ចការនេះនឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាកាលបរិច្ឆេទនៃការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ

-       ការរៀបចំផែនការមេ និងប្រតិទិនការងារ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

-       ការរៀបចំសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវដាក់ជូនភាគីពាក់ព័ន្ធពិនិត្យ និងផ្ដល់យោបល់នាពេលខាងមុខ ដែលកិច្ចការនេះ គ.ជ.ប តែងតែធ្វើជាទៀងទាត់

-       ការរៀបចំការធ្វើទំនើបកម្មនៃដំណើរការរៀបចំការបោះឆ្នោត ដោយប្រើបច្ចេកវិទ្យាព័ត៌មានគាំទ្រដល់ការអនុវត្តដោយដៃ ដែលរួមមាន៖

·         កម្មវិធីចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ

·         កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត

·         កម្មវិធីផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត

·         កម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត

·         កម្មវិធីគ្រប់គ្រងបណ្ដឹង និងការងារសន្តិសុខបោះឆ្នោត។

 

ជាការឆ្លើយតប ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុន បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្ដល់របាយការណ៍របស់ឯកឧត្តមប្រធាន គ.ជ.ប ហើយបានមានប្រសាសន៍បន្តថា ប្រទេសជប៉ុននៅតែប្រកាន់ជំហរបន្តជួយ គ.ជ.ប ក្នុងដំណើរការរៀបចំការបោះឆ្នោត ជាក់ស្ដែងអ្នកជំនាញការជប៉ុនផ្នែកអប់រំអ្នកបោះឆ្នោត លោក តូម៉ូយូគិ តាតស៊ូមិ បាននិងកំពុងបំពេញការងារយ៉ាងសកម្មនៅទីស្ដីការ គ.ជ.ប លើគម្រោងបញ្ជ្រាបការយល់ដឹងអំពី សារៈសំខាន់នៃការបោះឆ្នោតដែលជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ នៅ​តាមបណ្ដាគ្រឹះស្ថានសិក្សានៃរាជធានី ខេត្ត​។

 

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បានបន្តទៀតថា ប្រទេសជប៉ុនមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ គ.ជ.ប ទេ ប៉ុន្តែឯកឧត្តមលើកទឹកចិត្តឱ្យ គ.ជ.ប បង្កើនកិច្ចសហការលើការងារអប់រំអ្នកបោះឆ្នោតជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងបង្កើនដៃគូរពិភាក្សាជាមួយគណបក្សនយោបាយ ពិសេសគណបក្សនយោបាយប្រឆាំង។

 

ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន បានបន្តទៀតថា តាមរយៈរបាយការណ៍បុគ្គលិកស្ថានទូតដែលធ្វើជាភ្ញៀវពិសេសរបស់ គ.ជ.ប ចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ កន្លងមក តាមរយៈរបាយការណ៍របស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ រួមទាំងព័ត៌មានដែលទទួលបានពីគណបក្សនយោបាយមួយចំនួនដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត ឯកឧត្តមបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប ក្នុងការរៀបចំចាត់ចែង គ្រប់គ្រងការបោះឆ្នោតនេះបានល្អប្រសើរ ទោះបីមានបញ្ហាមួយចំនួនកើតឡើងខ្លះក៏ដោយ ព្រោះគ្មានការបោះឆ្នោតណាត្រូវបានធ្វើឡើងដោយល្អឥតខ្ចោះនោះទេ។

 

ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវសុទិដ្ឋិនិយម និងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាជ្ញ​ ចន្ទ ប្រធាន គ.ជ.ប ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ នឹងប្រព្រឹត្តទៅកាន់តែមានភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ៕

ទាញយកកម្មវិធី(App) CamNEC News