នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ សម្រេចលើវីដេអូអប់រំ ចំនួន ២រឿងសម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
វីដេអូដែលអង្គភាពជំនាញបានផលិតរួច និងបានស្នើសុំការសម្រេចពី គ.ជ.ប មានចំណងជើងថា៖
១. ដុកទ័រវ៉ូត (Dr. Vote) មានរយៈពេល ១៥នាទី សម្រាប់ផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ជំរុញឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
២. វីដេអូ ស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលមានរយៈពេល ៦០នាទី សម្រាប់ជាជំនួយស្មារតីដល់ក្រុមចុះឈ្មោះបោះឆ្នោតអនុវត្ត។
បន្ទាប់ពីបានពិនិត្យវីដេអូខាងលើ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចឯកភាពសម្រាប់ផ្សព្វផ្សាយ។ ជាមួយគ្នានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំឱ្យអង្គភាពជំនាញរៀបចំបែងចែកវីដេអូ ស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ទៅឱ្យក្រុមចុះឈ្មោះបោះឆ្នោត និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំងអស់ឱ្យបានឆាប់ ដើម្បីជាជំនួយស្មារតីដល់មន្ត្រីចុះឈ្មោះបោះឆ្នោតក្នុងការអនុវត្ត ពីព្រោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បាននិងកំពុងដំណើរការហើយ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕