សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៦៦ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ សម្រេចលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

 

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត   បានរៀបចំសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ដោយយកបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ និងដោយផ្អែកលើបទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងអនុសាសន៍ដែលបានលើកឡើងក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបានធ្វើការកែសម្រួលពាក្យពេចន៍ ខ្លឹមសារ និងបទប្បញ្ញត្តិមួយចំនួន ឱ្យសង្គតិភាពគ្នាស្របតាមទម្រង់គំរូស្តង់ដានៃបែបបទ លិខិតបទដ្ឋានគតិយុត្ត និងឱ្យស្របទៅនឹងគោលការណ៍ដែល គ.ជ.ប បានសម្រចកន្លងមក។

 

សេចក្ដីព្រាងនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មាន ៣៥៦ ទំព័រ ដែលចែកចេញជា ១០ ជំពូក មាន ១៥៨ ប្រការ និងមាន ៩ ឧបសម្ព័ន្ធ ហើយដែលជំពូកនីមួយៗបានចែងអំពី៖

-   ជំពូកទី១  បទប្បញ្ញត្តិទូទៅ

-   ជំពូកទី២  ប្រព័ន្ធបោះឆ្នោត និងការកំណត់ចំនួនអាសនៈក្នុងរដ្ឋសភា

-   ជំពូកទី៣ ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន

-   ជំពូកទីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ

-   ជំពូកទី៥  ការិយាល័យបោះឆ្នោត

-   ជំពូកទី៦  កាចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត

-   ជំពូកទី៧ ការឃោសនាបោះឆ្នោត

-     ជំពូកទី៨  ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត

-   ជំពូកទី៩  ការបាត់បង់អាសនៈនៃរដ្ឋសភា និងការជ្រើសតាំងជំនួស ព្រមទាំងការបែងចែកអាសនៈនៅទំនេរ

-   ជំពូកទី១០      នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងចំពោះគ្រប់អំពើបំពានលើបទប្បញ្ញត្តិនៃជំពូកទី១០ (ទោសប្បញ្ញត្តិ) នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសមត្ថកិច្ច និងនីតិវិធីប្រជុំផ្សះផ្សា ប្រជុំសម្រេច និងសវនាការដោះស្រាយពាក្យបណ្ដឹង។

 

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាម្តងមួយជំពូកៗ គ្រប់ជំពូកទាំង ១០ រួចមក គ.ជ.ប បានឯកភាពធ្វើការកែសម្រួលនូវចំណុចមួយចំនួន និងឯកភាពជាគោលការណ៍លើសេចក្តីព្រាងនៃបទបញ្ជា និងនីតិវិធី ព្រមទាំងឧបសម្ព័ន្ធ។ អង្គប្រជុំ គ.ជ.ប បានសម្រេចឱ្យ ឯកឧត្តម ទេព នីថា អគ្គលេខា​ធិ​ការ គ​.ជ.ប រៀបចំចាត់ចែងបញ្ជូនទៅឱ្យភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍លើសេចក្តីព្រាងនេះ  ក្នុងរយៈពេល ២០ថ្ងៃ។

 

 ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

ទាញយកកម្មវិធី(App) CamNEC News