សេចក្តីប្រកាសព័ត៌មានលេខ​ ១៥៤ គ.ជ.ប.អគ្គ៖ គ.ជ.ប កម្ពុជា ចូលរួមវេទិកាអន្តរជាតិក្រុងសេអ៊ូល ឆ្នាំ២០២២ ស្ដីពីការបោះឆ្នោត

តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃសាធារណរដ្ឋកូរ៉េ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងមន្រ្តី គ.ជ.ប ចំនួន ១៥រូប ដឹកនាំដោយឯកឧត្ដម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប ដើម្បីចូលរួមវេទិកាអន្តរជាតិ ក្រុងសេអ៊ូល ឆ្នាំ២០២២ ស្ដីពីការបោះឆ្នោត តាមរយៈកម្មវិធីវីដេអូសន្និសីទពីចម្ងាយ (Zoom) នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

នេះជាវេទិកាប្រចាំឆ្នាំខួបទី៧ ក្រោមមូលបទ “លទ្ធិប្រជាធិបតេយ្យ៖ ការឆ្លើយតបទៅនឹងការប្រែប្រួលបរិយាកាសនៃការបោះឆ្នោត” ដែលមានប្រធានបទចំនួន ២ រួមមាន៖

- ការឆ្លើយតបទៅនឹងការប្រែប្រួលបរិយាកាសនៃការបោះឆ្នោត បង្កឡើងដោយសារ

ការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល

- បញ្ហាប្រឈមក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងវិស័យនយោបាយ

ឯកឧត្ដម សោម សូរីដា បានកត់សម្គាល់ក្រោយបញ្ចប់វេទិកាអន្តរជាតិនេះថា វេទិកានេះ កំពុងដើរស្របគ្នាទៅនឹងការធ្វើទំនើបកម្មនៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលរៀបចំឡើងដោយ គ.ជ.ប ឈរលើមូលដ្ឋាននៃការរីកចម្រើនបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៦ មក។ ការធ្វើទំនើបកម្មដោយប្រព័ន្ធកុំព្យូទ័រ ទាំងនោះ រួមមាន៖

- កម្មវិធីគ្រប់គ្រងការចុះឈ្មោះបោះឆ្នោត

- កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ

- កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត

- កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។   

ឯកឧត្ដមបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ គ.ជ.ប នឹងដាក់ឱ្យដំណើរការកម្មវិធីចំនួន ២ ទៀត គឺកម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងកម្មវិធីគ្រប់គ្រងការងារបណ្ដឹង ព័ត៌មាន និងការងារសន្តិសុខបោះឆ្នោត ដោយប្រព័ន្ធកុំព្យូទ័រ។

ឯកឧត្ដម សោម សូរីដា ជឿជាក់ថា វេទិការអន្តរជាតិក្រុងសេអ៊ូល ស្ដីពីការបោះឆ្នោត ឆ្នាំនេះ នឹងផ្ដល់នូវបទពិសោធន៍ល្អៗដល់ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកែលម្អការធ្វើទំនើបកម្ម ដំណើរការរៀបចំការបោះឆ្នោតរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។

តាមរយៈវេទិកាអន្តរជាតិនេះ ក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍ជាមួយសហគមន៍អន្តរជាតិពាក់ព័ន្ធនឹងការបោះឆ្នោតដទៃទៀត គ.ជ.ប បានទទួលធាតុចូលថ្មីៗបន្ថែម សម្រាប់ការរៀបចំ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា៕

 

ទាញយកកម្មវិធី(App) CamNEC News