តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃប្រទេសម៉ាឡេស៊ី គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងមន្ត្រី គ.ជ.ប ចំនួន ១៣រូប ដឹកនាំដោយឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដើម្បីចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី១៥ ឆ្នាំ២០២២ នៃប្រទេសម៉ាឡេស៊ី។
ការចូលរួមសង្កេតការណ៍នេះ ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូសន្និសីទពីចម្ងាយ នៅទីស្ដីការ គ.ជ.ប ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៩:០០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។
កម្មវិធីសង្កេតការណ៍អន្តរជាតិនេះ ចែកចេញជា ៧ វគ្គ ដូចខាងក្រោម៖
វគ្គទី១៖ ទិដ្ឋភាពទូទៅនៃការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ី
វគ្គទី២៖ ការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
វគ្គទី៣៖ វិធីសាស្ត្រ និងការសម្របសម្រួលការបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោត
វគ្គទី៤៖ ការទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ
វគ្គទី៥៖ ដំណើរការនៃការបោះឆ្នោត
វគ្គទី៦៖ ដំណើការបោះឆ្នោតនៅថ្ងៃបោះឆ្នោត
វគ្គទី៧៖ ការផ្សាយផ្ទាល់ពីមណ្ឌលរាប់សន្លឹកឆ្នោត។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៃប្រទេសម៉ាឡេស៊ី សម្រាប់នីតិកាលទី១៥ នេះ៖
- អាសនៈរដ្ឋសភា មានចំនួន ២២២ អាសនៈ
- អ្នកបោះឆ្នោតមានចំនួនប្រមាណ ២១ លាននាក់
- គណបក្សនយោបាយចូលរួមមានចំនួន ២៣ គណបក្ស
- បេក្ខជនឈរឈ្មោះមានចំនួន ៩៤៥ នាក់
- មន្រ្តីបោះឆ្នោតមានចំនួន ៣៦៣.៥១៥ នាក់។
បន្ទាប់ពីបានសង្កេតការណ៍បោះឆ្នោតយ៉ាងយកចិត្តទុកដាក់ ឯកឧត្តម ម៉ុក ដារ៉ា យល់ឃើញថា បើទោះបីជាការចូលរួមសង្កេតការណ៍នេះប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញក៏ពិតមែន ប៉ុន្តែការចូលរួមនេះ គឺជាការពង្រឹងកិច្ចការទំនាក់ទំនងអន្តរជាតិឱ្យកាន់តែល្អ ជាពិសេសគឺផ្តល់ឱកាសដល់ គ.ជ.ប កម្ពុជា បានសង្កេតមើល និងស្វែងយល់អំពីការអនុវត្តល្អៗក្នុងការរៀបចំការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ី។
ក្រៅពី គ.ជ.ប កម្ពុជា ក៏មានអ្នកសង្កេតការណ៍អន្តរជាតិមកពីអង្គការអន្តរជាតិ និងបណ្ដាប្រទេសមួយចំនួនចូលរួមសង្កេតមើលដំណើរការបោះឆ្នោតនេះ ដែលមានចំនួនសរុបប្រមាណ ៧៥០ នាក់ ដែលឆ្លុះបញ្ចាំងពីការបើកចំហ តម្លាភាព និងជំនឿទុកចិត្តលើការបោះឆ្នោត។
សម្រាប់ការបោះឆ្នោតនេះ ប្រតិភូ គ.ជ.ប កម្ពុជា បានកត់សម្គាល់នូវចំណុចមួយចំនួនដូចខាងក្រោម៖
- បញ្ជីបោះឆ្នោត ត្រូវបានធ្វើបច្ចុប្បន្នភាព និងផ្តល់សុពលភាពជារៀងរាល់ខែ
- មានការប្រើប្រាស់បណ្តាញសង្គម Tik Tok យ៉ាងទូលំទូលាយក្នុងស្រទាប់យុវជន ក្នុងការស្វែងយល់អំពីការបោះឆ្នោត
- មានការប្រើប្រាស់កម្មវិធីទូរស័ព្ទវៃឆ្លាត (Application) សម្រាប់ផ្សព្វផ្សាយព័ត៌មានជូនអ្នកបោះឆ្នោត អំពីការបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោត
- មានការបង្កើតជាមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលអំពីការបោះឆ្នោត (Election Academy) សម្រាប់អប់រំអ្នកបោះឆ្នោត និងបណ្តុះបណ្តាលភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសអប់រំ និងផ្សព្វផ្សាយជូន សិស្ស និស្សិត តាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន អំពីការបោះឆ្នោត
- មានការប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook Tik Tok YouTube និងកម្មវិធីអប់រំអ្នកបោះឆ្នោត ដើម្បីទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការបោះឆ្នោត
- ក្នុងអំឡុងពេលបោះឆ្នោត៖ អ្នកបោះឆ្នោតបានជ្រលក់ដៃនឹងទឹកខ្មៅលុបមិនជ្រះមុនចូលទៅកាន់បន្ទប់សម្ងាត់
- ក្នុងអំឡុងពេលរាប់សន្លឹកឆ្នោត៖
*បន្ទាប់ពីបញ្ចប់ការបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោត បានបិទទ្វារ និងបង្អួចនៃការិយាល័យបោះឆ្នោតមុននឹងចាប់ផ្ដើមការរាប់សន្លឹកឆ្នោត
*មន្រ្តីការិយាល័យបោះឆ្នោត ចាប់ផ្តើមបន្តនីតិវិធីរាប់សន្លឹកឆ្នោតដោយដៃ។សន្លឹកឆ្នោតដែលបានរាប់ហើយ ត្រូវបានដាក់ក្នុងកញ្ចប់សុវត្ថិភាព និងដាក់ចូលក្នុងហិបឆ្នោត បន្ទាប់មកត្រូវបញ្ជូនទៅមណ្ឌលរាប់សន្លឹកឆ្នោត ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ បូកសរុបលទ្ធផល និងប្រកាសលទ្ធផលនៃការបោះឆ្នោត។
សូមជម្រាបជូនថា ក្រៅពីប្រទេសម៉ាឡេស៊ី គ.ជ.ប កម្ពុជា បានចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតរបស់បណ្ដាប្រទេសជាច្រើនផ្សេងទៀតទាំងនៅក្នុងតំបន់ និងនៅជុំវិញពិភពលោក ដើម្បីដកស្រង់បទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតនៃបណ្ដាប្រទេសទាំងនោះ ដើម្បីកែលម្អការរៀបចំការបោះឆ្នោតជាប្រចាំ ជាពិសេសការធ្វើទំនើបកម្មតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីបង្កភាពងាយស្រួល តម្លាភាព សុវត្ថិភាព និងបង្កើនជំនឿទុកចិត្តពីអ្នកបោះឆ្នោត និងភាគីពាក់ព័ន្ធ៕