សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៧០ គ.ជ.ប ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នៅសាលសន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាអ្នកនាំពាក្យ គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ផ្សព្វផ្សាយអំពីការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតដំបូង។

 

ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍ថា ក្នុងរយៈពេល៥០ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ ជាការកត់សម្គាល់ ឃើញថា គ.ជ.ប និងមន្ត្រី គ.ជ.ប គ្រប់ជាន់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោតបានអនុវត្តយ៉ាងត្រឹមត្រូវ តាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅរលូនល្អ និងមានសណ្តាប់ធ្នាប់។ ចំពោះគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានផ្តល់នូវកិច្ចសហការល្អតាមតួនាទី ដែលធ្វើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការល្អប្រកបដោយសន្តិសុខ សុវត្ថិភាព។ ចំណែកឯអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរឃុំ សង្កាត់ បានផ្តល់នូវកិច្ចសហការយ៉ាងស្អិតរមួត និងបានចូលរួមគ្រប់ភារកិច្ចក្នុងដំណាក់កាលនានា ដើម្បីជំរុញឱ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ។ សម្រាប់ប្រជាពលរដ្ឋ គឺមានការយល់ដឹងខ្ពស់ និងបានចូលរួមយ៉ាងកុះករក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

 

  ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ហើយភូមិសាស្ត្រមួយចំនួនក្នុងឃុំ សង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នា និងមានភាពខ្វះខាតតិចតួចបានកើតឡើងក្នុងការអនុវត្តភារកិច្ចរបស់ ក.ច.ប ក៏ប៉ុន្តែវាមិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការចុះឈ្មោះបោះឆ្នោតនោះឡើយ ព្រោះយើងមានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់កំណត់ បានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ 

 

  ឯកឧត្តម ហង្ស ពុទ្ធា បានបន្តថា បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ត្រូវបានបញ្ចប់ ហើយបណ្តឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណីមានបណ្តឹង) ឬប្រសិនបើពុំមានបណ្តឹង ក្រុមចុះឈ្មោះបោះឆ្នោតត្រូវចាត់ចែងបំពេញរបាយការណ៍ ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមនីតិវិធីរបស់ គ.ជ.ប។ រហូតមកទល់ពេលនេះ គ.ជ.ប បានទទួលបណ្ដឹងសរុបចំនួន ១ បណ្ដឹង (បណ្តឹងផ្តន្ទាទោស) ពីគណបក្សភ្លើងទៀន ករណីភ្នាក់ងារគណបក្សភ្លើងទៀន ប្តឹងចៅសង្កាត់រងទី១ នៃសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពាក្យបណ្តឹងនេះត្រូវបាន គ.ជ.ប សម្រេចធ្វើលិខិតជូនដំណឹងបដិសេធ។ ចំណែកនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ និងនៅក្រុមប្រឹក្សាធម្មនុញ្ញពុំទទួលបានពាក្យបណ្ដឹងណាមួយឡើយ។

 

  ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីបានត្រួតពិនិត្យ និងសម្រេចលើទិន្នន័យអ្នកបោះឆ្នោតដោយ គ.ជ.ប និងបន្ទាប់ពីបញ្ចប់ការដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការស្នើសុំចុះឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវចាត់ចែងរៀបចំបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត តាមឃុំ សង្កាត់នីមួយៗ ដើម្បីបិទផ្សាយជាសាធារណៈ។ គោលដៅនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីឱ្យប្រជាពលរដ្ឋ បានពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ ករណីរកឃើញថា មានកំហុសឆ្គងនៅក្នុងបញ្ជីបោះឆ្នោតដំបូងនោះ។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ មានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ ដោយគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ 

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំបានមានចម្ងល់ និងសំណូមពរថា៖

- តាមតារាងស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានដែលចេញដោយ គ.ជ.ប ឃើញថា ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង មានចំនួន ១០.៨៧៧.០១៧នាក់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ មានចំនួន ៩.២០៥.៦៨១នាក់ ហើយការចុះឈ្មោះបោះឆ្នោតបានជាង ៥០ម៉ឺននាក់ ចុះហេតុអ្វីបានជាប្រជាពលរដ្ឋជាងមួយលាននាក់ទៀតដែលនៅសល់ មិនបានមកចុះឈ្មោះបោះឆ្នោត?

- បញ្ហាការលុបឈ្មោះអ្នកបោះឆ្នោត ជាង ២៥ម៉ឺននាក់ តើតួលេខនេះមានកត្ដាអ្វីខ្លះ បានជាមានការលុបច្រើនដូចនេះ?

- សុំឱ្យ គ.ជ.ប ជួយមានវិធានការងាយស្រួលដល់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅចូលថ្មីបានចុះឈ្មោះបោះឆ្នោត ដើម្បីកុំឱ្យគាត់ខាតបង់ពេលវេលាធ្វើការដោយសារបញ្ហានៃការធ្វើលិខិតបញ្ជាក់ទីលំនៅ។ 

- តើ គ.ជ.ប មានបញ្ហាប្រឈមសំខាន់ៗអ្វីខ្លះ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត?

ឆ្លើយតបនឹងសំណួរ និងសំណូមពររបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំ គ.ជ.ប បានឆ្លើយបញ្ជាក់ ដូចខាងក្រោម៖

ក្នុងការធ្វើស្ថិតិប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ចាំបាច់ត្រូវ ៖

១. ផ្អែកលើភាគរយនៃកំណើនប្រជាពលរដ្ឋ

២. ផ្អែកលើការស្រង់ស្ថិតិជាក់ស្ដែងនៅតាមឃុំ សង្កាត់

៣. សហការជាមួយក្រសួងផែនការ និងក្រសួងមហាផ្ទៃ ផ្អែកតាមអត្រានុកូលដ្ឋាន ពិនិត្យមើលអ្នកមានអាយុ ១៨ឆ្នាំឡើង។

ម្យ៉ាងទៀតប្រព័ន្ធរៀបចំបញ្ជីបោះឆ្នោតរបស់ប្រទេសកម្ពុជា គឺជាប្រព័ន្ធស្ម័គ្រចិត្ត ហើយការបោះឆ្នោតក៏ជាការស្ម័គ្រចិត្ត ដូចនេះពួកគាត់មិនទៅចុះឈ្មោះ និងមិនបោះឆ្នោត គឺជាសិទ្ធិរបស់គាត់។ ប៉ុន្តែយ៉ាងណាក៏ដោយ គ.ជ.ប លើកទឹកចិត្ត និងជំរុញពួកគាត់ឱ្យទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ជារួមការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ គ.ជ.ប ទទួលបានលទ្ធផលច្រើនជាងឆ្នាំ២០២១ គឺបានជិត ៦០ម៉ឺននាក់ ដែលឆ្នាំមុនបានតែជិត ៤០ម៉ឺននាក់។ ចំពោះប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចុះឈ្មោះបោះឆ្នោត ដោយសារពួកគាត់ខ្លះនៅក្រៅប្រទេស ទើបខកខានមិនបានមកចុះឈ្មោះ។  

‌ ឆ្លើយទៅនឹងបញ្ហាធ្វើលិខិតបញ្ជាក់ទីលំនៅ គ.ជ.ប បានធ្វើការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ណែនាំរួចហើយ អំពីឯកសារដែលត្រូវយកទៅចុះឈ្មោះ។ ការបញ្ជាក់ទីលំនៅមិនមែនធ្វើនៅថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះបោះឆ្នោតទេ គាត់ត្រូវត្រៀមឯកសារជាមុន។ ករណីនេះ គាត់អាចនឹងមិនបានទទួលព័ត៌មានគ្រប់គ្រាន់។

ចំពោះបញ្ហាប្រឈមរបស់ គ.ជ.ប ក្នុងពេលចុះឈ្មោះបោះឆ្នោត គឺមានប្រហាក់ប្រហែលគ្នានឹងឆ្នាំមុន គឺបញ្ហាធម្មជាតិ និងកូវីដ-‌១៩។ នៅឆ្នាំមុន មន្ត្រីចុះឈ្មោះបោះឆ្នោតបានឆ្លងជំងឺកូវីដ-១៩ បន្ដាក់គ្នា ហើយភូមិសាស្ត្រមួយចំនួនត្រូវបិទខ្ទប់ជាបណ្ដោះអាសន្ន ដោយសារបញ្ហាកូវីដ-១៩។សម្រាប់នៅឆ្នាំនេះ មិនមានបញ្ហានេះកើតឡើងទេ ប៉ុន្តែបញ្ហាទឹកជំនន់ និងភ្លៀងប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០២១ ដែរ។ បញ្ហាប្រឈមមួយទៀត គឺនៅតាមឃុំ សង្កាត់ខ្លះ ខ្វះមន្ត្រីដែលមានជំនាញកុំព្យូទ័រ ដោយសាររយៈពេលធ្វើការខ្លី ហើយទទួលបានប្រាក់កម្រៃទាប។ ទោះជាយ៉ាងណា គ.ជ.ប មានគ្រូប្រចាំស្រុកចំនួន ២នាក់ ដើម្បីជួយដោះស្រាយក្នុងករណីឃុំ សង្កាត់ ណាមួយមានបញ្ហា។ ចំពោះបញ្ហាសម្ភារ គ.ជ.ប បានដោះស្រាយបញ្ហាមួយចំនួនហើយ ព្រោះបានជំនួសដោយសម្ភារថ្មី។

ចំពោះភាគីពាក់ព័ន្ធ ដែលចូលរួមក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ មានភាពល្អប្រសើរ គឺយោគយល់គ្នា ហើយក៏បានចូលរួមផ្សព្វផ្សាយបានទូលំទូលាយដែរ។

ចំពោះចំនួននៃការលុបឈ្មោះពីបញ្ជីបោះឆ្នោតជាង ២៥ម៉ឺននាក់ នោះ គឺមាន៖

១. អ្នកស្លាប់

២. អ្នកផ្លាស់ប្ដូរទីលំនៅចេញទៅឃុំ សង្កាត់ផ្សេង

៣. អ្នកដែលត្រូវបានដកសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន។

សម្រាប់ឆ្នាំ២០២២ នេះ ការលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោតមានតែករណីស្លាប់ និងផ្លាស់ទីលំនៅចេញប៉ុណ្ណោះ ដូចនេះចាំបាច់ត្រូវផ្អែកលើឯកសារភស្តុតាងច្បាស់លាស់ ដូចជាលិខិតមរណៈភាព ឬលិខិតផ្លាស់ចេញ “ក៦“ ទើបអាចលុបបាន។ យ៉ាងណាក៏ដោយតួលេខនៃអ្នកផ្ទេរឈ្មោះចូលក្នុងឃុំ សង្កាត់ថ្មីជិត២០ម៉ឺននាក់ ក៏មានចំនួនប្រហាក់ប្រហែលគ្នាទៅនឹងចំនួនតួលេខឈ្មោះដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតផងដែរ។

នេះជាកិច្ចប្រជុំលើកទី៦ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានមកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ ចំនួនប្រមាណជាង ៦០នាក់៕

 

ទាញយកកម្មវិធី(App) CamNEC News