សេចក្តីប្រកាសព័ត៌មាន លេខ ២១២ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ដែលប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២  នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ 

ឯកឧត្ដម ទេព នីថា បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធដែលបានផ្ញើយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មក គ.ជ.ប វិញ និងប្រមូលយោបល់បន្ថែមដើម្បីកែលម្អបទបញ្ជា និងនីតិវិធីនេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយយល់ ងាយអនុវត្ត សមស្របតាមបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងមានអនុលោមភាពតាមច្បាប់ជាធរមាន មុននឹងដាក់ជូន គ.ជ.ប ពិនិត្យសម្រេចអនុម័តឱ្យប្រើជាផ្លូវការសម្រាប់ការបោះឆ្នោតនាពេលខាងមុខ សំដៅធានាឱ្យការបោះឆ្នោតនោះប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរជាងមុន  និងដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព ស្របតាមគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ-១៩ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។

 

ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា សេចក្តីព្រាងបទបញ្ជា និងនីតិវីធីនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានសំខាន់ៗជាអាទិ៍៖

- ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ

- បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨

- គោលការណ៍ទំនើបកម្ម និងគោលការណ៍អនុវត្តមួយចំនួនទៀតដែល គ.ជ.ប បានសម្រេចដាក់ឱ្យប្រើប្រាស់ និងទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមក ។

សេចក្ដីព្រាង ប.ន.ត.រ នេះ ចែកចេញជា ១០ ជំពូក មាន ១៥៨ ប្រការ និងមាន ៩ ឧបសម្ព័ន្ធ ក្នុងនោះបទប្បញ្ញត្តិមួយចំនួនបានរក្សាខ្លឹមសារ និងគោលការណ៍ចាស់ដដែល លើកលែងតែចំណុចមួយចំនួនដែលត្រូវបានកែសម្រួល បន្ថែមថ្មី និងលុបចេញ។

មុននឹងដាក់ឱ្យពិភាក្សាក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៅថ្ងៃនេះ សេចក្ដីព្រាង ប.ន.ត.រ នេះ ត្រូវបានផ្ញើទៅភាគីពាក់ព័ន្ធ ចំនួន ១៣២ ដើម្បីស្នើសុំការផ្ដល់យោបល់។ ក្នុងនោះ គ.ជ.ប បានទទួលមតិយោបល់ជាលាយលក្ខណ៍អក្សរត្រឡប់មកវិញពីភាគីពាក់ព័ន្ធ ចំនួន ៤៥ រួមមាន ក្រសួង ស្ថាប័ន អគ្គលេខាធិការដ្ឋាន ចំនួន ៥ គណបក្សនយោបាយ ចំនួន ៥ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១០ និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ចំនួន ២៥។

 

កិច្ចប្រជុំពិគ្រោះយោបល់រយៈពេលពេញមួយព្រឹកនេះ មានកិច្ចពិភាក្សា ការលើកជាសំណួរ និងការបកស្រាយពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងភាគីពាក់ព័ន្ធយ៉ាងផុលផុស។

ចំណុចដែលបានលើកឡើងដោយភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ មានដូចជា៖

- ស្នើសុំកែសម្រួលនីតិវិធីនៃការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដោយផ្ដល់សិទ្ធិជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ជាអ្នកចេញ និងផ្ដល់សុពលភាពលើ ឯ.អ តែម្ដង ដោយមិនចាំបាច់តម្រូវឱ្យសាមីខ្លួនទៅស្នើសុំការផ្ដល់សុពលភាពពីអាជ្ញាធរឃុំ សង្កាត់ទៀតនោះទេ

- ស្នើឱ្យ គ.ជ.ប ពិចារណាបង្កើនការកំណត់ទំហំនៃក្បួនឃោសនាបោះឆ្នោតធំជាងមុន 

- ស្នើឱ្យពិនិត្យត្រង់ប្រការពាក់ព័ន្ធនឹងការហែក្បួនឃោសនាបោះឆ្នោតឆ្លងកាត់រាជធានី ខេត្តដែលសាមីគណបក្សនយោបាយពុំមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃរាជធានី ខេត្តនោះ

- ស្នើឱ្យផ្ដល់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ជូនភ្នាក់ងារគណបក្សនយោបាយ ដែលមានវត្តមាននៅការិយាល័យរាប់សន្លឹកឆ្នោត និងស្នើឱ្យពង្រឹងការអនុវត្តការចេញទម្រង់ ១១០២ នេះ ដោយមន្រ្តីការិយាល័យបោះឆ្នោត ចៀសវាងនូវកំហុសឆ្គង

- ស្នើចាត់វិធានការគ្រប់រូបភាព ដើម្បីធានាថាការបោះឆ្នោតប្រព្រឹត្តទៅដោយសម្ងាត់ និងស្នើឱ្យហាមយកទូរស័ព្ទដៃចូលក្នុងការិយាល័យបោះឆ្នោត

- ស្នើឱ្យបំពាក់កាំមេរ៉ានៅគ្រប់ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងបង្ហោះវីដេអូសកម្មភាពនៃដំណើរការរាប់សន្លឹកឆ្នោតនៅលើគេហទំព័ររបស់ គ.ជ.ប ។

ឯកឧត្ដម ទេព នីថា បានគូសបញ្ជាក់ថា បើទោះបីជារាល់មតិយោបល់របស់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបានគណៈកម្មការសម្របសម្រួលដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ធ្វើការស្រាយបំភ្លឺជូនមួយជំហានហើយ ក្នុងកម្រិតសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកលើគោលការណ៍ច្បាប់ជាធរមាន និងបទដ្ឋានបច្ចេកទេសនៃការរៀបចំការបោះឆ្នោតយ៉ាងណាក្ដី ក៏អគ្គលេខាធិការដ្ឋាន គ.ជ.ប នឹងធ្វើការបូកសរុបរាល់មតិយោបល់ ទាំងយោបល់ជាលាយលក្ខណ៍អក្សរ និងយោបល់ដែលបានលើកឡើងបន្ថែមក្នុងកិច្ចប្រជុំព្រឹកនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ គ.ជ.ប ពិនិត្យ ពិភាក្សា និងសម្រេចចុងក្រោយក្នុងពេលដ៏ឆាប់ខាងមុខ។ 

ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប មានជំនឿយ៉ាងមុតមាំថា រាល់បណ្តាមតិយោបល់របស់ភាគីពាក់ព័ន្ធ គឺជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់ គ.ជ.ប យកទៅពិនិត្យ សិក្សា និងពិចារណាបន្ថែម ដោយផ្អែកលើក្របខ័ណ្ឌច្បាប់ និងលិខិតដ្ឋានគតិយុត្តជាធរមានផ្សេងទៀត មុននឹងសម្រេចអនុម័តសេចក្ដីព្រាង ប.ន.ត.រ នេះ ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបជូនថា កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីមន្រ្តី គ.ជ.ប និងតំណាងស្ថាប័នដែលជាភាគីពាក់ព័ន្ធនឹងការបោះឆ្នោត រួមមាន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណបក្សនយោបាយ ចំនួន ៥ គណបក្ស សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១០ និងអ្នកសារព័ត៌មាន ដែលមានអ្នកចូលរួមសរុបប្រមាណ ៨៥ នាក់៕ 

 

ទាញយកកម្មវិធី(App) CamNEC News