សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៧៣ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យសម្រេចលើយោបល់របស់ភាគីពាក់ព័ន្ធទាក់ទងនឹងសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឯកសារពាក់ព័ន្ធសម្រាប់ការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការដាក់ឱ្យអ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ចូលនិវត្តន៍នៅឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គ.ជ.ប បានពិនិត្យគ្រប់អនុសាសន៍របស់ភាគីពាក់ព័ន្ធដែលបានផ្តល់យោបល់មកឱ្យ គ.ជ.ប។ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ដោយឈរលើគោលការណ៍ច្បាប់ជាធរមាន រួមនឹងបទពិសោធន៍ក្នុងការបោះឆ្នោតកន្លងមក អនុសាសន៍មួយចំនួនត្រូវបាន គ.ជ.ប សម្រេចទទួលយក និងមួយចំនួនទៀតមិនទទួលយក។ អង្គប្រជុំ គ.ជ.ប សម្រេចឱ្យ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប កែសម្រួលតាមស្មារតីនៃអង្គប្រជុំ និងឆ្លើយតបជាលាយលក្ខណ៍អក្សរទៅភាគីទាំងនោះវិញដោយត្រូវបញ្ជាក់ហេតុផលច្បាស់លាស់ ទាំងអនុសាសន៍ទទួលយក និងមិនទទួលយក។ 

អង្គប្រជុំ គ.ជ.ប ក៏បានពិនិត្យ និងឯកភាពលើឯកសារដែលត្រូវប្រើប្រាស់ក្នុងការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន ១៧៥ រូប ដែលជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ ២៥ រាជធានី ខេត្ត។

សមាសភាពគណៈកម្មការរៀបចំការបោះឆ្នោត ដែលត្រូវជ្រើសរើសសម្រាប់រាជធានី ខេត្តនីមួយៗ មានចំនួន ៧ រូប ដែលមានមុខតំណែងដូចខាងក្រោម៖

១- ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត                ០១ រូប

២- អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ០១ រូប

៣- សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល ០១ រូប

៤- សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ០១ រូប

៥- សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស ០១ រូប

៦- សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ០១ រូប

៧- សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ០១ រូប។

តាមប្រតិទិននៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីខាងលើនេះ នឹងត្រូវធ្វើការផ្សព្វផ្សាយជ្រើសរើសនៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

អង្គប្រជុំ គ.ជ.ប ក៏បានសម្រេចដាក់អ្នករាជការ គ.ជ.ប ចំនួន ៤៣ (សែសិបបី) នាក់ ចូលនិវត្តន៍នៅដើមខែកុម្ភៈ ឆ្នាំ២០២៣។

ជាចុងក្រោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញឱ្យយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល និងអប់រំដល់មន្ត្រីបោះឆ្នោត ក្នុងការអនុវត្តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ជាពិសេសមន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត៕

 

ទាញយកកម្មវិធី(App) CamNEC News