ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣។ នេះបើយោងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០២ សសរ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។
យោងតាមអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ស្ដីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នៃខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ សម្រាប់អាណត្តិទី១ ចំនួនសមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ដែលបំបែក និងបង្កើតថ្មី នៃខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ សម្រាប់អាណត្តិទី១ ត្រូវបានកំណត់ ដូចខាងក្រោម៖
១-ខេត្តកណ្ដាល
- ក្រុងអរិយក្សត្រ មានចំនួនសមាជិកក្រុមប្រឹក្សា ១៩នាក់
- ក្រុងសំពៅពូន មានចំនួនសមាជិកក្រុមប្រឹក្សា ១៩នាក់
២-ខេត្តកំពង់ស្ពឺ
- ក្រុងឧដុង្គម៉ែជ័យ មានចំនួនសមាជិកក្រុមប្រឹក្សា ១៧នាក់
- ស្រុកសាមគ្គីមុនីជ័យ មានចំនួនសមាជិកក្រុមប្រឹក្សា ១៩នាក់
៣-ខេត្តក្រចេះ
- ស្រុកអូរគ្រៀងសែនជ័យ មានចំនួនសមាជិកក្រុមប្រឹក្សា ១៥នាក់៕