សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០២ គ.ជ.ប ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធអំពីដំណើរការនៃការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុក ទើបបង្កើតថ្មី

Download

នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅសាលសន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីប្រតិទិននៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ ឆ្នាំ២០២៣។

 

ឯកឧត្តម នុត សុខុម បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន ៤ ដោយបង្កើតក្រុងអរិយក្សត្រ និងក្រុងសំពៅពូននៃខេត្តកណ្តាល បង្កើតស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ និងបំបែកស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺជាពីរ គឺក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ។ អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាសម្រាប់ក្រុង ស្រុក ខណ្ឌ បង្កើតថ្មីក្នុងរយៈពេលយ៉ាងយូរ ២៤០ថ្ងៃ បន្ទាប់ពីការបង្កើត។ តាមរយៈសេចក្តីសម្រេចលេខ ០២ ស.ស.រ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាទាំងនេះ។

 

សម្រាប់ការបោះឆ្នោតឡើងវិញនេះ ឯកឧត្តម នុត សុខុម បានមានប្រសាសន៍ថា អ្នកសង្កេតការណ៍ជាតិ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមសង្កេតមើលការបោះឆ្នោតឡើងវិញ ដោយត្រូវដាក់ពាក្យស្នើសុំចុះឈ្មោះមក គ.ជ.ប ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ចំណែកអ្នកសង្កេតការណ៍អន្តរជាតិ ត្រូវដាក់ពាក្យស្នើសុំចុះឈ្មោះជាអ្នកសងេ្កតការណ៍អន្តរជាតិនៅ គ.ជ.ប ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តម នុត សុខុម បានបន្តថា សម្រាប់អ្នកសារព័ត៌មានជាតិ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការនៃការបោះឆ្នោតឡើងវិញ មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះដោយផ្ទាល់ទៅ គ.ជ.ប ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ចំណែកអ្នកសារព័ត៌មានអន្តរជាតិ អាចដាក់ពាក្យចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

 

ឯកឧត្តម នុត សុខុម បានមានប្រសាសន៍បន្ថែមថា សម្រាប់គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។ ការចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តសាមីពាក់ព័ន្ធចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

 

ឯកឧត្តម នុត សុខុម បានបញ្ជាក់ថា ចំពោះការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការរៀបចំការបោះឆ្នោត ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តសាមីពាក់ព័ន្ធ តាមទម្រង់បែបបទដែលកំណត់ដោយ គ.ជ.ប។ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការរៀបចំការបោះឆ្នោត ត្រូវចែកជា ២ ដំណាក់កាល គឺដំណាក់កាលនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលការចុះឈ្មោះបោះឆ្នោត និងដំណាក់កាលនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។

 

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំបានមានចម្ងល់ថា៖
១. តើអាចយកបេក្ខជនពីស្រុកផ្សេងៗ ដើម្បីឈរឈ្មោះបោះឆ្នោតបានដែរ ឬទេ?
២. តើអ្នកណាខ្លះមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នេះបាន?
៣. តើដីដែលរដ្ឋាភិបាលប្រគល់ឱ្យមក គ.ជ.ប នោះ គ.ជ.ប នឹងយកមកធ្វើអ្វី?

ឆ្លើយតបនឹងសំណួរ និងសំណូមពររបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំ តំណាង គ.ជ.ប បានឆ្លើយថា បេក្ខជនឈរឈ្មោះបោះឆ្នោតមកពីស្រុកផ្សេងៗឱ្យតែមានសិទ្ធិបោះឆ្នោត និងមានការបញ្ជាក់អំពីការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយអាជ្ញាធរឃុំ សង្កាត់ ក៏អាចដាក់ពាក្យឈរឈ្មោះជាបេក្ខជនបានដែរ។

 

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នេះ អ្នកដែលមានសិទ្ធិបោះឆ្នោតបាន គឺមានតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងដែលស្ថិតនៅក្នុងក្រុង ស្រុក ខណ្ឌនោះប៉ុណ្ណោះ។គ.ជ.ប បានទទួលដំណឹងតាមការប្រកាសរបស់រាជរដ្ឋាភិបាល ហើយ គ.ជ.ប សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានប្រគល់ដីដែលជារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មកឱ្យ គ.ជ.ប ដើម្បីរៀបចំកសាងអគារទីស្ដីការ គ.ជ.ប។

 

នេះជាកិច្ចប្រជុំលើកទី១ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គ-ម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ ឆ្នាំ២០២៣ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានមកពីក្រសួងការពារជាតិ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភា ព្រឹទ្ធសភា កងរាជអាវុធហត្ថ ក្រសួងមហាផ្ទៃ វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្ត្រី អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ ចំនួនប្រមាណជាជាង ៣០នាក់៕

ទាញយកកម្មវិធី(App) CamNEC News