សេចក្តីជូនដំណឹងលេខ ០០៦ គ.ជ.ប.ស.ជ.ណ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ សម្រាប់អាណត្តិទី១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា ការយកព័ត៌មានអំពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ សម្រាប់អាណត្តិទី១ ឆ្នាំ២០២៣ អ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប។

ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានដែលផ្តល់ជូនដោយឥតគិតថ្លៃពី គ.ជ.ប។

ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានការិយាល័យអចិន្រ្តៃយ៍នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖

- ច្បាប់ចម្លងប្រកាសអនុញ្ញាតដោយក្រសួងព័ត៌មាន

- លិខិតស្នើសុំធ្វើបណ្ណអ្នកសារព័ត៌មានពី គ.ជ.ប របស់សាមីអង្គភាព

- លិខិតបញ្ជាក់ ឬច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម ឬបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព

- ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណ

- ច្បាប់ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស)។

ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិដែលពុំមានការិយាល័យអចិន្រ្តៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖

- ច្បាប់ចម្លងនៃលិខិតឆ្លងដែន

- បណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព

- ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណ។

ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវភ្ជាប់មកជាមួយនូវ៖

- ច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ឬសមាគមអ្នកសារព័ត៌មាន

- ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណ

- អត្ថបទចុងក្រោយ ដែលបានសរសេរចុះផ្សាយក្នុងសារព័ត៌មានស្របច្បាប់អំឡុងឆ្នាំចុងក្រោយចំនួន ៣ អត្ថបទ។ 

ពាក្យសុំ និងបែបបទសម្រាប់សុំបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន មានផ្តល់ជូននៅទីស្តីការ គ.ជ.ប (ជាន់ទី៨ បន្ទប់ B) ឬអាចទាញពីគេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/content/6443។  នៅពេលបំពេញបែបបទតាមទម្រង់រួចរាល់ហើយ អ្នកសារព័ត៌មានអាចយកពាក្យមកដាក់ដោយផ្ទាល់នៅ គ.ជ.ប ឬអាចផ្ញើតាមរយៈ E-mail: info@nec.gov.kh ឬ Telegram (០៩៣ ៨០២ ៧៣៤)។

កាលបរិច្ឆេទនៃការចែកពាក្យ និងទទួលពាក្យ ៖

- អ្នកសារព័ត៌មានជាតិ ៖ ចាប់ផ្តើមពីថ្ងៃទី១៦ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣

- អ្នកសារព័ត៌មានអន្តរជាតិ ៖ ចាប់ផ្តើមពីថ្ងៃទី១៦ ខែមករា រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ជ្រាបជាព័ត៌មាន៕

 

ទាញយកកម្មវិធី(App) CamNEC News