នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបង្កើតថ្មី និងពិនិត្យលើសំណើសុំអនុវត្តសេចក្ដីសម្រេចស្ថាពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជុំវិញការទទួល និងដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍ លើឯកសារទាំងនោះរួមមាន៖
១. សេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានកម្មវិធី៖
- កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
- កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត
- កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោត
- កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្តឹង។
២. សេចក្ដីព្រាងគំរូទម្រង់ ខ្លឹមសារសម្ភារឯកសារបោះឆ្នោតមាន ស្រោមសំបុត្រខ្នាតធំ មធ្យម និងតូច ចំនួន ២៣ប្រភេទ។ ស្បោងដាក់សម្ភារឯកសារចំនួន ៩ប្រភេទ និងបណ្ណប្រកាសហាមប្រើប្រាស់ទូរស័ព្ទ ម៉ាស៊ីន និងឧបករណ៍ថតរូប សម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
៣. គំរូត្រាការិយាល័យបោះឆ្នោត ត្រាគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រាសម្ងាត់ការិយាល័យបោះឆ្នោត ស្លាកសម្គាល់ទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ និងស្លាកសម្គាល់ការិយាល័យបោះឆ្នោត សម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
៤. ឯកសារ និងសម្ភារពាក់ព័ន្ធនឹងការងារសន្តិសុខ៖
- សេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
- សេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភា្នក់ងារសន្តិសុខបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ
- គំរូប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
- ខិត្តបណ្ណ ខ្នាត និងប្រព័ន្ធការពារសន្តិសុខនៃការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
៥. ឯកសារពាក់ព័ន្ធនឹងភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍៖
- សេចក្ដីជូនដំណឹង ស្ដីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
- ទម្រង់បែបបទលេខ ១០០៧ (ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ)។
- គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។
- គំរូបណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍ជាតិចល័តទូទាំងប្រទេស អ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស។
៦. ឯកសារពាក់ព័ន្ធនឹងការងារចុះបញ្ជីបេក្ខជនគណបក្សនយោបាយ៖
- សេចក្ដីជូនដំណឹង ស្ដីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
- ទម្រង់បែបបទលេខ ១០០៨ (ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ)។
- គំរូពាក្យស្នើសុំបង្កើតគណនីអ្នកប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។
- គំរូបង្កាន់ដៃទទួលពាក្យ និងសំណុំលិខិតសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។
៧. សម្រេចលើទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
៨. សេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តចំនួន ៧ មុខ សម្រាប់បម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ ឆ្នាំ២០២៣។
៩. ឯកភាពឱ្យអង្គភាពជំនាញអនុវត្តតាមសេចក្តីសម្រេចស្ថាពរ ចំនួន ៨៦ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានទទួលពាក្យបណ្ដឹងតវ៉ាសុំកែតម្រូវទិន្នន័យចំនួន ៥៥ ទទួលពាក្យបណ្ដឹងសុំរក្សាទុកឈ្មោះចំនួន ២៥ និងពាក្យបណ្ដឹងជំទាស់សុំលុបឈ្មោះចំនួន ៦ បណ្តឹង ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២២។
តាមស្មារតីនៃអង្គប្រជុំ គ.ជ.ប បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវផ្តល់សុពលភាព និងប្រកាសផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣៕