ឆ្លើយតបតាមសំណើរបស់អង្គការសីលការ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ វេលា ម៉ោង ១០:០០នាទី នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបសមាសភាពក្រុមការងារស្ត្រីនៃអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៦ រូប ដែលបានស្នើសុំពិភាក្សាអំពី ការបង្កើនបេក្ខជនស្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងសមភាពយេនឌ័រក្នុងវិស័យនយោបាយ។
ក្នុងជំនួបពិភាក្សាការងារនោះ តំណាងក្រុមស្ត្រីដើម្បីទាំងអស់គ្នា បានលើកឡើងថា ក្រុមស្ត្រីដើម្បីទាំងអស់គ្នា ចង់បានវិធានការពិសេសក្នុងការជំរុញស្ត្រីដើម្បីបានដើរតួនាទីស្មើបុរស ដោយផ្អែកលើសិក្ខាសាលារៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ហើយមានការចូលរួមពីតំណាងគណបក្សនយោបាយ ចំនួន ១៦។ ម្យ៉ាងទៀត ស្នើសុំគាំទ្រឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដោយកំណត់កូតាស្ត្រីជាបេក្ខជនចំនួនជាភាគរយ ឬក៏ដាក់ឈ្មោះបេក្ខជនឆ្លាស់គ្នា ស្រី ១ ប្រុស ១ ។ តំណាងក្រុមស្ត្រីដើម្បីទាំងអស់គ្នា បានបន្តថា បទពិសោធន៍នៅប្រទេសចំនួន ៥ ទទួលបានជោគជ័យក្នុងការលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយ។
បន្ទាប់ពីបានស្តាប់ការពន្យល់លើកឡើងរបស់ក្រុមស្ត្រីដើម្បីទាំងអស់គ្នា រួចមក ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់សមភាគីស្រ្តីទាំងអស់ ដែលបានចែករំលែកព័ត៌មាន និងមានឆន្ទៈលើកកម្ពស់តួនាទីស្ត្រី និងសមភាពយេនឌ័រក្នុងវិស័យនយោបាយ។ ឯកឧត្តម ប្រធាន គ.ជ.ប បានបន្តថា គ.ជ.ប គាំទ្រការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យនយោបាយ ក្នុងដែនសមត្ថកិច្ច គ.ជ.ប ។ ចំនួនស្ត្រីជាបេក្ខជន ផ្អែកលើការដាក់បេក្ខភាពរបស់គណបក្សនយោបាយនីមួយៗ ហើយអ្វីគួរឱ្យកត់សម្គាល់នោះ គណបក្សនីមួយៗបានគិតពីគុណភាពបញ្ជីបេក្ខជនរបស់ខ្លួន។ ចំពោះការសុំធ្វើវិសោធនកម្មច្បាប់ មិនស្ថិតក្នុងដែនសមត្ថកិច្ច គ.ជ.ប ទេ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្ថែមទៀតថា គ.ជ.ប តែងតែលើកទឹកចិត្តនិងកំពុងបង្កើនស្ត្រីក្នុងវិស័យការងាររដ្ឋបាល និងជាមន្ត្រីបោះឆ្នោត។ គ.ជ.ប មានមោទនភាពចំពោះការកើនឡើងនូវសមត្ថភាព និងចំនួនស្ត្រីក្នុងសង្គម។ ដូចនេះ ក្រុមស្ត្រីដើម្បីទាំងអស់គ្នា មិនត្រូវអស់សង្ឃឹមទេ ប៉ុន្តែត្រូវការពេលវេលា។
ជាចុងក្រោយភាគីក្រុមស្ត្រីដើម្បីទាំងអស់គ្នា ដែលមានទីប្រឹក្សាឯករាជ្យ និងជាសមាជិកក្រុមស្ត្រីដើម្បីទាំងអស់គ្នា តំណាងអង្គការសីលការ តំណាងអង្គការយេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា និងតំណាងអង្គការខុមហ្វ្រែល បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាដើម្បីជួបពិភាក្សាការងារ។
ជំនួបពិភាក្សាការងារបានប្រព្រឹត្តទៅអស់រយៈពេលប្រមាណមួយម៉ោង ប្រកបដោយភាពស្និទ្ធស្នាល និងយោគយល់គ្នា៕