សេចក្តីប្រកាសព័ត៌មានលេខ ០២៣ គ.ជ.ប.អគ្គ៖ គ.ជ.ប ចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។ យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាលបរិច្ឆេទនៃការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវបញ្ចប់ត្រឹមថ្ងៃទី១២ ខែកក្កដា និងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ។ 

 

សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ ដែលមានបំណងចូលរួមសង្កេតមើលការបោះឆ្នោតនេះ ត្រូវមកដាក់ពាក្យនៅទីស្ដីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។ គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមានផ្ដល់ជូនដោយឥតគិតថ្លៃនៅទីស្ដីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័រ គ.ជ.ប (www.nec.gov.kh/khmer/content/6536)។

 

អ្នកសង្កេតការណ៍ជាតិ ដែលត្រូវបានអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងទទួលបានបណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) មានសិទ្ធិសង្កេតមើលដំណើរការបោះឆ្នោតនៅរាជធានី ខេត្តដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ជាតិនៃរាជធានី ខេត្តនោះតែប៉ុណ្ណោះ។ ដោយឡែក អ្នកសង្កេតការណ៍អន្តរជាតិដែលត្រូវបានអនុញ្ញាតជាផ្លូវការ និងទទួលបានបណ្ណសម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប មានសិទ្ធិសង្កេតមើលដំណើរការបោះឆ្នោតទាំងមូល ឬតាមដំណាក់កាល និងគ្រប់ទីកន្លែងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

 

គ.ជ.ប សង្ឃឹមទុកជាមុនថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើននឹងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីជំរុញឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ ដោយអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជាធរមាន និងឈរលើគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស៕

 

ទាញយកកម្មវិធី(App) CamNEC News