សេចក្តីប្រកាសព័ត៌មានលេខ ០២៤ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីមួយ នៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ត្រូវជាថ្ងៃទីមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន ៥ គឺក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី។ 

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តពាក់ព័ន្ធ ឃើញថា គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពជួបប្រជុំជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត អង្គបោះឆ្នោត និងសមាជិកគណបក្សនៅតាមមណ្ឌលបោះឆ្នោតនៃក្រុង ស្រុកចំនួន ៤ រួមមាន ក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមាណ ១៩៤ នាក់) ក្រុងឧដុង្គម៉ែជ័យ (អ្នកចូលរួមប្រមាណ ៥៨ នាក់) ស្រុកសាមគ្គីមុនីជ័យ (អ្នកចូលរួមប្រមាណ ៨០ នាក់) និងស្រុកអូរគ្រៀងសែនជ័យ (អ្នកចូលរួម ប្រមាណ ៥៥ នាក់) ។ 

ដោយឡែក គណបក្សនយោបាយ ២ ទៀតរួមមាន គណបក្ស ភ្លើងទៀន និងគណបក្ស ហ៊្វុនស៊ិនប៉ិច ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីមួយនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១នេះ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣៕

 

ទាញយកកម្មវិធី(App) CamNEC News