ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ត្រូវជាថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនាបោះឆ្នោតនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន ៥ គឺក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី។
តាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តពាក់ព័ន្ធ ឃើញថា គណបក្សប្រជាជនកម្ពុជា បានជួបប្រជុំជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត អង្គបោះឆ្នោត និងសមាជិកគណបក្សនៅក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមាណ ៣៦នាក់) ក្រុងសំពៅពូន (អ្នកចូលរួមប្រមាណ ៣៩នាក់) និងក្រុងឧដុង្គម៉ែជ័យ (អ្នកចូលរួមប្រមាណ ១៣៧នាក់) ហើយនៅស្រុកសាមគ្គីមុនីជ័យ និងស្រុកអូរគ្រៀងសែនជ័យ គណបក្សពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេ។
រីឯ គណបក្ស ភ្លើងទៀន បានជួបប្រជុំនៅក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមាណ ១៥នាក់) និងបានចែកខិត្តបណ្ណ នៅក្រុងសំពៅពូន (អ្នកចូលរួមប្រមាណ ១៥នាក់) ហើយនៅក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ និងស្រុកអូរគ្រៀងសែនជ័យ គណបក្សពុំបានធ្វើសកម្មភាពឃោសនាបោះ-ឆ្នោតទេ។
ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច ពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេ។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១នេះ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣៕