នារសៀលថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤:៣០ នាទី នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីប្រកាសផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតលើកទី១ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន ៥ ដែលទើបបំបែក និងបង្កើតថ្មី ដែលបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះ ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានគូសបញ្ជាក់អំពីសភាពការណ៍មួយចំនួន និងស្ថានភាពនៃការបោះឆ្នោតលើកទី ១ (ការបោះឆ្នោតឡើងវិញ) ថា មានគណបក្សនយោបាយចំនួន ២ បានដាក់ភ្នាក់ងារគណបក្សរបស់ខ្លួនដើម្បីសង្កេតមើលនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺគណបក្សប្រជាជនកម្ពុជា និងគណបក្ស ភ្លើងទៀន។ ភ្នាក់ងារគណបក្សនយោបាយសរុបមានចំនួន ២០ នាក់ ក្នុងនោះពេញសិទ្ធិចំនួន ១០ នាក់ (ស្រី ៤ នាក់) និងបម្រុង ១០ នាក់ ( ស្រី ៥ នាក់) ។ ចំពោះអ្នកសង្កេតការណ៍ មានអ្នកសង្កេតការណ៍ជាតិ ចំនួន ៤៣ នាក់ ភ្ញៀវពិសេស ១ នាក់ និងអ្នកសារ-ព័ត៌មាន ៤២ នាក់ ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្តថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ មានចំនួន ៥ ការិយាល័យបោះឆ្នោត ដោយចាប់ផ្តើមពីម៉ោង ៧:០០ ព្រឹក រហូតដល់ម៉ោង ៨:២៥ នាទី ព្រឹក។ ការបោះឆ្នោតនេះត្រូវបានបញ្ចប់ ដោយអ្នកបោះឆ្នោតចំនួន ២៤៦ នាក់ ( ស្រី ៤៩ នាក់) បានចេញទៅបោះឆ្នោតគ្រប់ចំនួន ស្មើនឹង ១០០% ។ ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅ ពុំមានបាតុភាព ឬភាពមិនប្រក្រតីណាមួយកើតឡើងទេ ។
ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា បន្ទាប់ពីបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត បានចាប់ផ្តើមភ្លាមៗ នៅនឹងកន្លែងតាមនីតិវិធី។ បន្ទាប់មក គណៈកម្មការការិយាល័យបោះឆ្នោត បានបំពេញកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់ ១១០២ ) រួចបិទផ្សាយភ្លាមនៅមុខការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ និងផ្តល់ជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ជូនទៀតថា យន្តការនៃការទទួល និងការប្រកាសផ្សាយលទ្ធផលបឋមនឹងត្រូវអនុវត្តតាមគោលការណ៍ និងបទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងមក។ ហើយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ នឹងប្រកាសផ្សាយនៅល្ងាចថ្ងៃបោះឆ្នោតនេះតែម្តង បន្ទាប់ពីចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដោយផ្សាយចេញពី គ.ជ.ប និងស្នើសុំកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដើម្បីផ្សព្វផ្សាយបន្តជាសធារណៈ។ ទន្ទឹមនឹងនេះ លទ្ធផលបឋមនៃការបោះឆ្នោតនេះ ក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប ផងដែរ ។
ឆ្លើយទៅនឹងសំណួររបស់ភាគីចូលរួមក្នុងកិច្ចប្រជុំ ពាក់ព័ន្ធនឹងបណ្តឹងទៅនឹងការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត គ.ជ.ប បានបញ្ជាក់ជូនថា នៅថ្ងៃបោះឆ្នោតនេះពុំមានភាពមិនប្រក្រតី ឬបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយមានសិទ្ធិប្ដឹងអំពីភាពមិនប្រក្រតី ឬប្ដឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោតទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោតពាក់ព័ន្ធ ពីរថ្ងៃទៀតបន្ទាប់ពីថ្ងៃបោះឆ្នោត គឺត្រឹមថ្ងៃទី ១១ ខែមេសា នេះ ។ ប្រសិនបើគ្មានបណ្តឹងទេ នោះ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតនឹងបូកសរុបលទ្ធផលបោះឆ្នោតតាមនីតិវិធី រួចបញ្ជូនមក គ.ជ.ប ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់អង្គបោះឆ្នោត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កលក្ខណៈឱ្យការបោះឆ្នោតឡើងវិញ ប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហឹង្សា គ្មានការគំរាមកំហែង ៕