នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីណែនាំ អត្ថបទវីដេអូអប់រំ ខ្លឹមសារស្ប៉តវីដេអូផ្សព្វផ្សាយ និងការចុះបញ្ជីគណបក្សនយោបាយក្នុងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍លើឯកសារទាំងនោះរួមមាន៖
១. សេចក្តីណែនាំស្តីពី កិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
២. ខ្លឹមសារអត្ថបទវីដេអូអប់រំស្តីពី នីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
៣. ខ្លឹមសារស្ប៉តវីដេអូអប់រំដែលបានថតរួច សម្រាប់ធ្វើការផ្សព្វផ្សាយតាមស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុតាមរាជធានី ខេត្ត រួមមាន៖
- ស្ប៉តវីដេអូអប់រំ ចំនួន ៣ រឿង
- វីដេអូចម្រៀងកាយវិការ ចំនួន ៣ បទ និង
- ស្ប៉តវីដេអូបែបជីវចល ចំនួន ៣ រឿង។
៤. សម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សខ្មែរអភិរក្ស ដែលមាន ៧ (ប្រាំពីរ) មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
៥. ឯកភាពជាគោលការណ៍លើគម្រោងកិច្ចសហប្រតិបត្តិការបចេ្ចកទេស ដែលត្រូវស្នើ ជំនួយបរទេសសម្រាប់ឆ្នាំ២០២៤។
សរុបមកគិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន ៨ (ប្រាំបី) គណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕