វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល និងភ្នាក់ងារសន្តិសុខបោះឆ្នោតរយៈពេល ៣ ថ្ងៃ អំពី ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) ត្រូវបានបិទបញ្ចប់នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានថ្លែងថា ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជាធរមាន និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបែងចែកជា ៤ ដំណាក់កាលសំខាន់ៗ រួមមាន៖
ទី១- ដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ដំណើរការនេះត្រូវបានអនុវត្តតាំងពីខែតុលា ឆ្នាំ២០២២ និងបានបិទបញ្ចប់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ និងសុវត្ថិភាពល្អ។
ទី២- ដំណាក់កាលនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដំណើរការទទួលពាក្យសុំចុះបញ្ជីមានរយៈពេល ១៥ ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា និងបានបញ្ចប់កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដែលមានគណបក្សនយោបាយដាក់ពាក្យសុំចុះបញ្ជីសរុបចំនួន ២០ គណបក្ស។ ក្នុងនោះ គ.ជ.ប បានសម្រេចយល់ព្រមជាផ្លូវការចំនួន ១៣ គណបក្ស ដែលមានបេក្ខជនពេញសិទ្ធិសរុប ១.២២២ រូប (ស្រី្ត ៣៥៦ រូប) និងបេក្ខជនបម្រុងសរុប ១.៣៧២ រូប (ស្រី្ត ៤៨១ រូប) ។ បច្ចុប្បន្ន គ.ជ.ប បាននិងកំពុងដំណើរការពិនិត្យឯកសារ និងលក្ខខណ្ឌចុះបញ្ជីរបស់គណបក្សនយោបាយមួយចំនួនទៀត ស្របតាមការកំណត់នៃច្បាប់ស្តីពីការបោះឆ្នោត។
ទី៣- ដំណាក់កាលឃោសនាបោះឆ្នោត ដែលមានរយៈពេល ២១ ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
ទី៤- ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត។
ឯកឧត្ដមបានមានប្រសាសន៍ថា គ្រប់ដំណាក់កាលនីមួយៗ អាចប្រព្រឹត្តទៅបានដោយជោគជ័យ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គឺអាស្រ័យដោយមានកិច្ចសហការពីយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ជាពិសេសលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និងការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍រាជធានី ខេត្តសម្រាប់ការបោះឆ្នោត អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់។ ហេតុដូច្នេះហើយ ដើម្បីធានាប្រសិទ្ធភាពការងារនេះ ទើបតម្រូវឱ្យកម្លាំងមានសមត្ថកិច្ច និងភ្នាក់ងារសន្តិសុខបោះឆ្នោត មានការយល់ដឹង បានល្អ ច្បាស់លាស់អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត។
ឯកឧត្ដម ទេព នីថា បានលើកឡើងទៀតថា វគ្គបណ្តុះបណ្តាលលើកនេះមានលក្ខណៈពិសេស និងខុសប្លែកពីវគ្គបណ្តុះបណ្តាលមុនៗ ដោយលើកនេះ លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានសហការគ្នារៀបចំធ្វើការបណ្តុះបណ្តាលដល់គ្រូបង្គោល និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងជួរយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតនៅថ្នាក់ជាតិ និងរាជធានី ខេត្ត ដើម្បីបន្តបណ្ដុះបណ្ដាលនៅតាមអង្គភាពពាក់ព័ន្ធ និងនៅតាមមូលដ្ឋាននៃរាជធានី ខេត្តនីមួយៗរៀងៗខ្លួន។
ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទំាំងអស់នឹងទទួលបាននូវចំណេះដឹង ព្រមទាំងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីយកទៅអនុវត្តសម្រាប់យុទ្ធនាការការពារដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ឱ្យមានប្រសិទ្ធភាព និងទទួលបាននូវលទ្ធផលល្អប្រសើរ ក្នុងបរិយាសកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមជាគ្រូបង្គោលនៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត មកពី ២៥ រាជធានី ខេត្ត និងមន្ត្រីបោះឆ្នោតនៃទីស្តីការ គ.ជ.ប សរុបប្រមាណ ១៨០ នាក់៕