កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជួបសវនាការជាមួយប្រតិភូសភានិយាយភាសាបារាំង ដឹកនាំដោយឯកឧត្តម Christophe André-FRASSA សមាជិកព្រឹទ្ធសភាបារាំង (APF) និងជាប្រធានគណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង។ បន្ទាប់មក APF បានដើរតួនាទីជាអ្នកជួយសម្របសម្រួលការងារជាមួយ RECEF ដែលមានន័យថា បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ដើម្បី គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យមើលលទ្ធភាពចូលជាសមាជិកនៃ RECEF។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម Thanor Thiendella Sidy Fall ប្រធាន RECEF និងជាអគ្គនាយករៀបចំការបោះឆ្នោតនៃប្រទេសសេណេហ្គាល់ និងលោកស្រី Catherine Lagacé អគ្គលេខាធិការ RECEF និងជាអគ្គលេខាធិការរៀបចំការបោះឆ្នោត Quebec បានផ្ញើលិខិតអញ្ជើញរួមគ្នាទៅកាន់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីអញ្ជើញចូលរូមក្នុងសិក្ខាសាលាអន្តរជាតិស្តីពី“បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត” និងមហាសន្និបាតប្រចាំឆ្នាំ RECEF នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ RECEF ក៏បានអញ្ជើញ គ.ជ.ប ឱ្យចូលរួមជាសមាជិកសកម្មនៃបណ្តាញនេះផងដែរ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំងតំណាង ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន ចូលរួមក្នុងព្រឹត្តិការណ៍នេះ។
នៅថ្ងៃចេញដំណើរ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប នឹងផ្តល់ព័ត៌មានលម្អិត ដូចនេះ សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមតាមការគួរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកវីអាយភី)៕