សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៣៣ គ.ជ.ប ស្តីពី កិច្ចប្រជុំផ្សព្វផ្សាយអំពីការរៀបចំ ការផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត និងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន

Download

នាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតក្រោមអធិបតីភាព ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដែលមានប្រធានបទស្តីពី ការរៀបចំ ការផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត ការចេញបណ្ណដល់អ្នកសារព័ត៌មាន និងក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

ឯកឧត្តម ឯម សូផាត បានមានប្រសាសន៍ថា គោលបំណងនៃការផ្តល់បណ្ណព័ត៌មាន អ្នកបោះឆ្នោតនេះ ទី១ ដើម្បីជួយផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោតផ្លូវការ បានយល់ដឹងអំពីកាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត លេខកូដ និង ទីតាំងការិយាល័យបោះឆ្នោត លេខរៀង ឈ្មោះ និងទិន្នន័យរបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលត្រូវប្រើនៅពេលបោះឆ្នោត ទី២ បង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត ក្នុងការរកឃើញការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវបោះឆ្នោត និងទី៣ បង្កភាពងាយស្រួលដល់លេខាធិការនៃគណៈកម្មការការិយាល័យបោះឆ្នោត ក្នុងការរកឃើញ ឈ្មោះអ្នកបោះឆ្នោតភ្លាមៗ ដើម្បីឱ្យអ្នកបោះឆ្នោតអាចបោះឆ្នោតបានឆាប់រហ័ស។

ចំពោះរបៀបផលិត និងទម្រង់បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ឯកឧត្តម ឯម សូផាត បាន គូសបញ្ជាក់ថា បណ្ណព័ត៌មានអ្នកបោះឆ្នោត ត្រូវបានផលិតតាមលក្ខណៈបច្ចេកទេសកុំព្យូទ័រ ដោយ ការផ្ទេរឈ្មោះ និងទិន្នន័យមួយចំនួនរបស់អ្នកបោះឆ្នោត ពីបញ្ជីបោះឆ្នោតផ្លូវការនៃការិយាល័យ បោះឆ្នោតពាក់ព័ន្ធ មានន័យថា ឈ្មោះ រូបថត និងទិន្នន័យអ្នកបោះឆ្នោតនៅលើបញ្ជីបោះឆ្នោត ផ្លូវការ និងនៅលើបណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដូចគ្នាទាំងស្រុង។ ឯកឧត្តមបានបន្តថា បណ្ណនេះត្រូវបានបោះពុម្ពសងខាង ដោយនៅផ្នែកខាងមុខ បោះពុម្ពអក្សរពណ៌ខ្មៅ លើផ្ទៃក្រដាសពណ៌ស។ ចំណែកផ្នែកខាងខ្នងវិញ បោះពុម្ពអក្សរពណ៌ក្រហម លើផ្ទៃក្រដាសពណ៌ផ្ទៃមេឃខ្ចី ដើម្បីកុំឱ្យមានការភាន់ច្រឡំជាមួយនឹងបណ្ណព័ត៌មានអ្នកបោះឆ្នោតលើកមុនៗ។ ហើយនៅក្នុងឆ្នាំនេះចំនួន បណ្ណព័ត៌មានអ្នកបោះឆ្នោត ដែល គ.ជ.ប ត្រូវបោះពុម្ព គឺស្មើនឹងចំនួនអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានចំនួនសរុប ៩.៧១០.៦៥៥ សន្លឹក។

ឯកឧត្តម ឯម សូផាត បានប្រៀបធៀបថា បណ្ណព័ត៌មានអ្នកបោះឆ្នោត ឆ្នាំ២០២៣ មានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ ដោយ គ.ជ.ប បានបញ្ចូលបន្ថែមរូបថតសាមីអ្នកបោះឆ្នោតទៅក្នុងផ្នែក ខាងមុខនៃបណ្ណ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត។

ឯកឧត្តម ឯម សូផាត បានបញ្ជាក់ទៀតថា បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានឡើយ។

អំពីការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ឯកឧត្តម ឯម សូផាត លើកឡើងថា ផ្អែកតាមសេចក្តី សម្រេចលេខ ១២៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត បានតម្រូវឱ្យគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចាត់តាំងក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតមួយ ឬច្រើនក្រុមឱ្យសមស្របតាមចំនួនភូមិ និងទៅតាមភូមិសាស្រ្តជាក់ស្តែងក្នុងឃុំ សង្កាត់របស់ខ្លួន និងត្រូវមានសមាសភាព៖

-  សមាជិកគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ១រូបជាប្រធាន

-  សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ១រូប ឬច្រើនរូបជាសមាជិក

-  តំណាងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ១ រូប ឬច្រើនរូប (ប្រសិនបើមាន) ជាសមាជិក   

                                                   
-  និងមេភូមិ ឬជំនួយការភូមិពាក់ព័ន្ធ ជាសមាជិក

ចំពោះអវត្តមានរបស់តំណាងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ក្នុងក្រុមចែកបណ្ណ-ព័ត៌មាន មិនអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតឡើយ។ រីឯគណបក្ស នយោបាយ និងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមិនមែនជាសមាជិកក្រុមចែក បណ្ណព័ត៌មាន អាចបញ្ជូនតំណាងរបស់ខ្លួនឱ្យតាមសង្កេតមើលដំណើរការនៃការចែកបណ្ណព័ត៌មាន ក្នុងឃុំ សង្កាត់ពាក់ព័ន្ធបាន។

អំពីកាលបរិច្ឆេទនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ឯកឧត្តម ឯម សូផាត បានជម្រាប ជូនថា ចែកជូនប្រជាពលរដ្ឋតាមភូមិនានាក្នុងឃុំ សង្កាត់ ចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣។ ចំពោះបណ្ណដែលនៅសល់  នៅតែបន្តចែកនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដែលតម្រូវឱ្យប្រជាពលរដ្ឋត្រូវទៅទទួលបណ្ណព័ត៌មានអ្នកបោះឆ្នោតដោយខ្លួនឯង ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងការចេញបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន ឯកឧត្តម ឯម សូផាត បានមាន ប្រសាសន៍ថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ គ.ជ.ប បានចេញបណ្ណសម្គាល់ខ្លួនជាផ្លូវការជូនអ្នកសារព័ត៌មានជាតិចំនួន ២២០នាក់ (ស្រី ២៣នាក់) មកពី ២១ អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិចំនួន ៣០នាក់ (ស្រី ២នាក់) មកពី ១៤ អង្គភាព។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឯម សូផាត ក៏បានលើកឡើងផងដែរអំពីក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោតដែលរួមមាន អំពីសិទ្ធិរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបម្រាមចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលត្រូវបានហាមឃាត់មានដូចជា ការផ្សាយព័ត៌មានដែលធ្វើឱ្យមានការ ភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ការបន្លំឱ្យគេយល់ខុសដូចជា ការសរសេរបញ្ឆិត-បញ្ឆៀងដើម្បីឱ្យសាធារណជនមានការសង្ស័យ ដោយអយុត្តិធម៌លើបុគ្គលណាម្នាក់ ឬ/និងក្រុមបក្ស ណាមួយ។ល។

ឆ្លើយទៅនឹងសំណួររបស់ភាគីចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងឯកសារប្រើសម្រាប់បោះឆ្នោត គ.ជ.ប បានបញ្ជាក់ជូនថា គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ប្រើសម្រាប់បោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ប្រសិនបើបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ទើបអាចបោះឆ្នោតបាន។ ការធ្វើឯកសារនេះត្រូវធ្វើក្នុង រយៈពេល ៣០ ថ្ងៃ មុនថ្ងៃបោះឆ្នោត គឺចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងបន្ទាប់មកយកទៅជួបមេឃុំ ចៅសង្កាត់ ដើម្បីចុះហត្ថលេខា និងបោះត្រាផ្តល់សុពលភាពទើបអាចប្រើសម្រាប់ បោះឆ្នោតបាន។

ជាចុងក្រោយ ឯកឧត្តម ឯម សូផាត បានអំពាវនាវចំពោះគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគោរពច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងអនុវត្តតាមសេចក្តីណែនាំរបស់ គ.ជ.ប និងតាមតួនាទីភារកិច្ចរបស់ខ្លួនដើម្បីធានាឱ្យដំណើរការ ចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅដោយរលូនល្អ ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយដែលរៀបចំឡើងដោយ គ.ជ.ប រួមមានមកពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា- ធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន បញ្ជាការដ្ឋានកងរាជ-អាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ មន្ត្រី មកពីស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម និងអ្នកសារព័ត៌មាន ប្រមាណ ៦០ នាក់៕  

ទាញយកកម្មវិធី(App) CamNEC News