វគ្គបណ្ដុះបណ្ដាល រយៈពេល ៥ ថ្ងៃ ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់គ្រូបង្ហាត់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្រ្តី គ.ជ.ប បានបិទបញ្ចប់នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។
ឯកឧត្ដម ទេព នីថា បានថ្លែងថា ផ្អែកតាមបទពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលនៃអង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ គ.ជ.ប បានពិនិត្យ និងកែលម្អការងារបច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅធ្វើឱ្យការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត តាមរយៈការអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដោយបានធ្វើការកែសម្រួលលក្ខខណ្ឌបច្ចេកទេសក្នុងការបំពេញ និងប្រើប្រាស់ទម្រង់កំណត់ហេតុនៃការបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ព្រមទាំងបន្ថែមយន្តការត្រួតពិនិត្យ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅគ្រប់ដំណាក់កាលតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីជាជំនួយ និងជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ជាមួយនឹងលទ្ធផលដែលមន្រ្តីបោះឆ្នោតបានធ្វើប្រមាណវិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខ។
ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាល ឯកឧត្ដមបានមានប្រសាសន៍ថា គ្រប់នីតិកាលនៃការបោះឆ្នោត និងគ្រប់ដំណាក់កាលនៃការបោះឆ្នោត គ.ជ.ប តែងតែយកចិត្តទុកដាក់លើការងារកសាង និងពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ អំពីនីតិវិធីដែលត្រូវអនុវត្ត តាមរយៈការបើកវគ្គបណ្តុះបណ្តាលនៅគ្រប់កម្រិត ដែលរួមមានវគ្គបណ្តុះបណ្តាលនៅថ្នាក់ គ.ជ.ប វគ្គបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត នៅតាមមណ្ឌលប្រមូលផ្តុំតាមក្រុង ស្រុក ខណ្ឌ និងនៅថ្នាក់ឃុំ សង្កាត់។ ឯកឧត្ដមបន្តទៀតថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាវគ្គបណ្តុះបណ្តាលសម្រាប់ដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត នៅថ្នាក់ គ.ជ.ប លើកទី១ ជូនដល់គ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ហើយដែលវគ្គនេះមានលក្ខណៈពិសេស និងខុសប្លែកពីវគ្គមុនៗ ដោយមានការចូលរួមធ្វើបទបង្ហាញពីគ្រូឧទ្ទេស ដែលជាមន្រ្តីជំនាញទទួលបន្ទុកលើការងារនោះផ្ទាល់ ព្រមទាំងមានការបង្ហាញ និងការអនុវត្តលើកម្មវិធីដែល គ.ជ.ប បានដាក់ឱ្យប្រើប្រាស់ និងការសម្តែងតួ ជាដើម ។
ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានណែនាំដល់គ្រូបង្ហាត់ គ.ជ.ប ទាំងអស់ត្រូវត្រៀមរៀបចំលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត ជូនដល់មន្រ្តីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) អាជ្ញាធរដែនដី តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការសង្កេតការណ៍ និងភាគីពាក់ព័ន្ធផ្សេងទៀត នាពេលខាងមុខ ។ ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានណែនាំដល់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ ត្រូវយកចិត្តទុកដាក់ណែនាំដល់ គធ.ខប អំពីការងារបណ្តុះបណ្តាលបន្តនៅថ្នាក់ រាជធានី ខេត្ត និងការងារផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធអំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ តាមគោលការណ៍ណែនាំរបស់ គ.ជ.ប ។
វគ្គបណ្ដុះបណ្ដាលស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនគ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប នេះ បានប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៦០ នាក់។
សូមជម្រាបជូនផងដែរថា គ.ជ.ប នឹងបើកវគ្គបណ្ដុះបណ្ដាលមួយលើកទៀតលើប្រធានបទដូចគ្នានេះ គឺ “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនភាគីពាក់ព័ន្ធ រួមមាន គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ក្រសួង ស្ថាប័នជាតិពាក់ព័ន្ធ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ (NIE) រាជធានីភ្នំពេញ៕