បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវបិទផ្សាយជាសាធារណៈនៅតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តទាំង ២៥ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបិទផ្សាយនៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១ ច្បាប់ និងនៅតាមទីប្រជុំជនធំៗមួយចំនួនក្នុងរាជធានី ខេត្តនីមួយៗ។
បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត គឺជាបញ្ជីដែលកើតចេញពីលទ្ធផលនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតដែលដំណើរការទាំងនេះបានបញ្ចប់ជាស្ថាពរ ដោយសម្រេចបានគណបក្សនយោបាយចុះបញ្ជីផ្លូវការចំនួន ១៨ គណបក្ស និងមានលេខសម្គាល់របស់គណបក្សនយោបាយនីមួយៗ។
បន្ទាប់ពីថ្ងៃបិទផ្សាយនេះ គណបក្សនយោបាយមានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារសង្កេតការណ៍បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៃរាជធានី ខេត្តដែលសាមីគណបក្សនយោបាយបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះក្នុងរាជធានី ខេត្តនោះ ក្នុងរយៈពេល ៧ ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣៕