សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៣៦​ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១. ឯកភាពលើសេចក្តីសម្រេច ស្តីពីការអនុញ្ញាតជូនភ្ញៀវពិសេសសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។  
  
២. កែសម្រួល និងឯកភាពជាគោលការណ៍លើសេចក្តីណែនាំ ស្តីពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះនៅតាមមណ្ឌលបោះឆ្នោត រាជធានី ខេត្ត និងការដាក់
និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៍តាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

៣. ឯកភាពលើសេចក្តីសម្រេច ស្តីពីការព្យួរសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

៤. ឯកភាពលើការបោះពុម្ពផ្សព្វផ្សាយខិត្តបណ្ណ ស្តីពីគណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

៥. ឯកភាពលើការបោះពុម្ពផ្សព្វផ្សាយជាសាធារណៈនូវកូនសៀវភៅផ្នត់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

៦. ឯកភាពលើសេចក្តីណែនាំ ស្តីពីការអនុញ្ញាតឱ្យភ្នាក់ងារសន្តិសុខបោះឆ្នោត ចូលទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត  ដែលខ្លឹមសារសេចក្តីណែនាំបានចែងថា ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ដែលស្ថិតក្នុងឯកសណ្ឋានតាមប្រភេទ នៃកងកម្លាំងនីមួយៗ និងមានពាក់ប្រឡង់ដៃសន្តិសុខដែលផ្តល់ដោយ គ.ជ.ប ត្រូវបានអនុញ្ញាតឱ្យចូលបោះឆ្នោតនៅការិយាល័យបោះឆ្នោតដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមិនអនុញ្ញាតឱ្យយកអាវុធចូលក្នុងការិយាល័យបោះឆ្នោតឡើយ ហើយពេលបោះឆ្នោតរួច ត្រូវប្រញាប់ទៅកាន់គោលដៅដែលខ្លួនត្រូវការពារវិញ។

៧. ឯកភាពលើការបោះពុម្ពខិត្តបណ្ណគំរូសន្លឹកឆ្នោតមិនបានការ សម្រាប់ជំនួយស្មាតីដល់មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

មុននឹងបញ្ចប់កិច្ចប្រជុំ អង្គប្រជុំ គ.ជ.ប បានណែនាំដល់អង្គភាពជំនាញធ្វើការពន្យល់ឱ្យបានច្បាស់លាស់ដល់ភាគីពាក់ព័ន្ធក្នុងវគ្គបណ្តុះបណ្តាលអំពីតួនាទី និងសកម្មភាពរបស់ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត៕

ទាញយកកម្មវិធី(App) CamNEC News