គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដល់គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ឱ្យបានជ្រាបថា ស្ថានីយទូរទស្សន៍-វិទ្យុអាស៊ីអាគ្នេយ៍ FM 106 បានផ្ញើលិខិតមក គ.ជ.ប ដើម្បីជូនដំណឹងអំពីការលក់ ឬជួលម៉ោងផ្សាយសម្រាប់គណបក្សនយោបាយទាំងអស់ ដែលមានបំណងចង់ទិញ ឬជួលម៉ោងផ្សាយ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
ស្ថានីយទូរទស្សន៍-វិទ្យុអាស៊ីអាគ្នេយ៍ បានកំណត់ចំនួនម៉ោង និងតម្លៃលក់ ឬជួលម៉ោងផ្សាយសម្រាប់គណបក្សនយោបាយ ដូចខាងក្រោម៖
- ម៉ោងសម្រាប់លក់ ឬជួលឱ្យគណបក្សនយោបាយទាំងអស់ក្នុង ១ ថ្ងៃចំនួន ២ ម៉ោង
- ម៉ោងសម្រាប់លក់ ឬជួលឱ្យគណបក្សនយោបាយទាំងអស់ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេ ល ២១ ថ្ងៃ មានចំនួន ៤២ ម៉ោង
- តម្លៃលក់ ឬជួលម៉ោងផ្សាយ៖ ម៉ោងធម្មតាតម្លៃ ១៥០ ដុល្លារក្នុង ១ នាទី និងម៉ោងមាសតម្លៃ ២១០ ដុល្លារក្នុង ១ នាទី។ តម្លៃនេះមិនទាន់គិតបញ្ចូលថ្លៃផលិតវីដេអូនៅឡើយទេ។ រាល់តម្លៃសេវាកម្មទាំងអស់តម្រូវឱ្យបូកបញ្ចូលពន្ធអាករលើតម្លៃបន្ថែម ១០ ភាគរយ (VAT10%)។
គួរជម្រាបជូនថា ពាក់ព័ន្ធនឹងការលក់ ឬជួលម៉ោងផ្សាយរបស់បណ្ដាស្ថានីយវិទ្យុ និងទូរទស្សន៍ឱ្យគណបក្សនយោបាយនេះ គ.ជ.ប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានចេញគោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ហើយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ គ.ជ.ប បានជួបប្រជុំផ្សព្វផ្សាយជាមួយតំណាងស្ថានីយវិទ្យុ និងទូរទស្សន៍៕