សេចក្តីប្រកាសព័ត៌មានលេខ ០៨៦ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីពីរ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បណ្ដាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត បានធ្វើការឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ និងការចែកខិត្តបណ្ណ។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានកត់សម្គាល់ឃើញថា នៅថ្ងៃទីពីរនេះ មានចំនួនគណបក្សនយោបាយធ្វើសកម្មភាពហែក្បួនឃោសនាច្រើនជាងថ្ងៃទីមួយ ដោយការហែក្បួនឃោសនាបានប្រព្រឹត្តទៅនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។ ជាក់ស្ដែង គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ រីឯគណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តក្រចេះ។ ចំណែកគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងមណ្ឌលខេត្តកំពត។ ដោយឡែកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕
    

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore