សេចក្តីប្រកាសព័ត៌មានលេខ ០៩២ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីប្រាំមួយ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីប្រាំមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ទៅដល់ម្ចាស់ឆ្នោត។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)

នៅថ្ងៃទីប្រាំមួយនេះ មណ្ឌលបោះឆ្នោតទាំង ២៥ មានការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលមានសកម្មភាព ដូចជា៖ ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងការចាក់បញ្ចាំងស្លាយ (Slide) វីដេអូ។ ដោយឡែក មណ្ឌលបោះឆ្នោតចំនួន ៤ មានសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺមណ្ឌលខេត្តក្រចេះ មានការហែក្បួនឃោសនារបស់គណបក្សកសិករ មណ្ឌលខេត្តស្វាយរៀង មានការហែក្បួនឃោសនារបស់គណបក្សសញ្ជាតិកម្ពុជា មណ្ឌលខេត្តកំពត និងមណ្ឌលខេត្តស្ទឹងត្រែង មានការហែក្បួនឃោសនារបស់គណបក្សខ្មែររួបរួមជាតិ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំមួយនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore