នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដែលជាថ្ងៃទីដប់បីនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១១ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានតែគណបក្សយុវជនកម្ពុជា មួយប៉ុណ្ណោះ ដែលបានធ្វើការហែក្បួននៅមណ្ឌលរាជធានីភ្នំពេញ។
ចំណែកគណបក្សនយោបាយ ចំនួន ១០ ផ្សេងទៀត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់បីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕