សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ លេខ ០៤៦ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារវីដេអូស្តីពី នីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់បណ្តុះបណ្តាលមន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងឯកសារពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

អង្គប្រជុំ គ.ជ.ប បានពិនិត្យខ្លឹមសារវីដេអូដែលមានរយៈពេលមួយម៉ោង និងបានពិនិត្យ ឯកសារពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បន្ទាប់មកបានសម្រេចដូចខាងក្រោម៖

១. សម្រេចឱ្យអង្គភាពជំនាញធ្វើការកែសម្រួលនូវសកម្មភាពសំដែងមួយចំនួនក្នុងវីដេអូ ឱ្យបានត្រឹមត្រូវតាមបទបញ្ជា និងនីតិវីធីនៃការបោះឆ្នោត ដើម្បីទាន់ពេលវេលាសម្រាប់ ការបណ្តុះបណ្តាលដល់មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
 
២.ឯកភាពលើឯកសារពាក់ព័ន្ធនឹងកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមាន៖

-សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអញ្ជើញ និងទទួលអ្នកសង្កេតការណ៍ បោះឆ្នោតអន្តរជាតិ

-លិខិតបង្គាប់ការចាត់តាំងមន្រ្តី គ.ជ.ប ចូលរួមជាក្រុមសម្របសម្រួល (LO) ជូនអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងកម្មវិធីសង្កេតការណ៍បោះឆ្នោត

-កម្មវិធីសង្កេតការណ៍បោះឆ្នោត សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញឱ្យយកចិត្តទុកដាក់ បណ្តុះបណ្តាលដល់មន្តី្រការិយាល័យបោះឆ្នោត អំពីគំនូសសញ្ញាគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោត។
ក្នុងរបៀបវារៈផ្សេងៗ បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញអំពីចំនួនបណ្ណអ្នកសង្កេតការណ៍អន្តរជាតិ ដែល គ.ជ.ប បានផ្តល់ជូន និងចំនួនអ្នកសង្កេតការណ៍អន្តរជាតិ ដែល គ.ជ.ប បានអញ្ជើញរួចមក ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំឱ្យអង្គភាពជំនាញតាមដានធ្វើរបាយការណ៍ និងរៀបចំកម្មវិធីឱ្យបានច្បាស់លាស់ សម្រាប់ការងារអ្នកសង្កេតការណ៍ បោះឆ្នោតអន្តរជាតិ ដែលរួមមាន អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិត្រូវបានអញ្ជើញដោយ គ.ជ.ប និងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដែលអញ្ជើញមកតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ ឆ្នាំ២០២៣៕  

(link is external)

ទាញយកកម្មវិធី(App) CamNEC News