សេចក្តីប្រកាសព័ត៌មានលេខ ១០៣ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

នៅថ្ងៃទីដប់ប្រាំនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។

ទី១: គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ មណ្ឌលគិរី កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និងមណ្ឌលរាជធានីភ្នំពេញ។ ទី២: គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តស្ទឹងត្រែង មណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្តព្រះសីហនុ។ ទី៣: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្ដាល និងមណ្ឌលខេត្តកំពង់ចាម។ ទី៤: គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តក្រចេះ និងទី៥: គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ។

ចំណែកគណបក្សនយោបាយ ចំនួន ៧ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន  គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សយុវជនកម្ពុជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់ប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore