សេចក្តីប្រកាសព័ត៌មានលេខ ១០៤ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំមួយ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

នៅថ្ងៃទីដប់ប្រាំមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៧ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ 

ទី១: គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ 

ទី២: គណបក្សកសិករ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ។ ទី៣: គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ ទី៤: គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តព្រះសីហនុ។ ទី៥: គណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង និងមណ្ឌលខេត្តក្រចេះ។ ទី៦: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ មណ្ឌលខេត្តព្រៃវែង មណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្តកោះកុង និងទី៧: គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្ដាល មណ្ឌលខេត្តត្បូងឃ្មុំ មណ្ឌលខេត្តកំពង់ស្ពឺ មណ្ឌលខេត្តព្រះសីហនុ និងមណ្ឌលខេត្តកោះកុង។

 

ចំណែកគណបក្សនយោបាយ ចំនួន ៨ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន  គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរតែមួយ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរអភិរក្ស បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាមទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

 

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់ប្រាំមួយនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ 

 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore