សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០៤៩ គ.ជ.ប ស្តីពីសរុបព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រយៈពេល ២១ ថ្ងៃ

នារសៀលថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ២១ថ្ងៃ និងការបិទផ្សាយបញ្ជីបោះឆ្នោត និងលេខកូដការិយាល័យបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត។

 

ឯកឧត្ដម ហង្ស ពុទ្ធា បានមានប្រសាសន៍ថា រយៈពេល ២១ថ្ងៃនៃការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយដែលបានចុះបញ្ជី និងមានបញ្ជីបេក្ខជននៅតាមមណ្ឌលរាជធានី ខេត្ត បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងក្នុងបរិយាកាសល្អ។ គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗ និងតាមលទ្ធភាពរៀងៗខ្លួន ដែលមានជាអាទិ៍ ការជួបប្រជុំជាមួយអ្នកគាំទ្រ និងសកម្មជននៅតាមទីសាធារណៈ និងតាមទីស្នាក់ការគណបក្សនយោបាយ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ការប្រគំតន្រ្តី ការបញ្ចាំងស្លាយវីដេអូតាមទីសាធារណៈ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ និងតាមផ្សារ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្សនយោបាយ និងចាក់មេក្រូចល័តតាមភូមិជាដើម។ ឯកឧត្ដម បន្តថា ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ១៨ មានគណបក្សចំនួន ១៦ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនានា ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងនោះ គ.ជ.ប បានកត់សម្គាល់ឃើញថា ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា មានទំហំធំ និងមានអ្នកចូលរួមច្រើនជាងគេ។ គ.ជ.ប សង្កេតឃើញថា រយៈពេល ២១ថ្ងៃនេះ មានអ្នកចូលរួមឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយសរុប ២.២៣៦.៧៩៤ នាក់ ប្រើរថយន្តឃោសនាមាន ៩៩.៧៩៤ គ្រឿង ទោចក្រយានយន្ត ៧២២.៧៣៣ គ្រឿង ម៉ូតូកង់បី ១០.២៤០ គ្រឿង គោយន្ត ៣.៤៩១ គ្រឿង កាណូត ៨៥៧ គ្រឿង និងទោចក្រយាន ៦២០ គ្រឿង។

 

លើសពីនេះក៏មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនាបោះឆ្នោត និងសារនយោបាយរបស់ គណបក្សនយោបាយនៅលើបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក ( FACEBOOK) ជារៀងរាល់ថ្ងៃផងដែរ។ឯកឧត្ដម បានមានប្រសាសន៍បន្តទៀតថា គ្រប់គណបក្សនយោបាយដែលធ្វើសកម្មភាពឃោសនាបោះឆ្នោត បានជូនដំណឹងមក គធ.ខប អំពីពេលវេលា និងទីតាំងដែលពួកគាត់ត្រូវធ្វើសកម្មភាពឃោសនា។ អាជ្ញាធរមូលដ្ឋាន បានខិតខំជួយសម្របសម្រួលដល់ការធ្វើសកម្មភាពឃោសនាដូចជា ការការពារទីតាំង ការរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបានជួយសម្រួលចរាចរណ៍តាមដងផ្លូវនៅពេលមានការហែក្បួនឃោសនាជាដើម។ ឯកឧត្ដម បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងអំឡុងពេលនៃការឃោសនារកសំឡេងឆ្នោតនេះផងដែរ គណបក្សនយោបាយទាំង ១៨ មានឱកាសផ្សព្វផ្សាយដោយស្មើភាពគ្នានូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោត តាមរយៈកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយដែលរៀបចំដោយ គ.ជ.ប។ ការផ្សព្វផ្សាយនេះធ្វើឡើងតាមវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងព្រឹត្តិបត្រគោលនយោបាយរបស់គណបក្សនយោបាយ ដែលបោះពុម្ពផ្សាយដោយ គ.ជ.ប មានចំនួនពីរលេខ។

ជារួម ឯកឧត្ដម ហង្ស ពុទ្ធា បានវាយតម្លៃថា រយៈពេល ២១ថ្ងៃ នៃការឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងមណ្ឌលបោះឆ្នោតនីមួយៗ។

 

ពាក់ព័ន្ធនឹងពាក្យបណ្តឹង ឯកឧត្ដម ហង្ស ពុទ្ធា បានជម្រាបជូនថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត សរុបចំនួន ៣២បណ្តឹង។ ក្នុងចំណោមពាក្យបណ្តឹងទាំងនោះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតបានធ្វើការដោះស្រាយតាមនីតិវិធី និងមានពាក្យបណ្តឹងបន្តប្តឹងមក គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត រួចបន្តមក គ.ជ.ប ។

 

ចំពោះការបិទបញ្ចប់ដំណើរការឃោសនាបោះឆ្នោត ឯកឧត្ដម ហង្ស ពុទ្ធា បានជម្រាបជូនថា ថ្ងៃសុក្រ ទី២១ ខែកក្កដា នេះ ជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោត គ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួនត្រឹមម៉ោង ១០យប់ (ម៉ោង ១០យប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣)។ ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយត្រូវផ្អាកការផ្សព្វផ្សាយនូវសកម្មភាពនយោបាយ ឬអំពីគោលនយោបាយរបស់គណបក្សនយោបាយណាមួយ ឬខ្លឹមសារផ្សេងទៀត ដែលមានចរិតជាការឃោសនារកការគាំទ្រពីអ្នកបោះឆ្នោត។ ឯកឧត្ដម ហង្ស ពុទ្ធា បន្តថា គ្រប់គណបក្សនយោបាយ ត្រូវប្រមូលយកស្លាកសញ្ញា និងសម្ភារឃោសនាផ្សេងទៀតរបស់ខ្លួន ដែលស្ថិតនៅក្នុងរង្វង់ ១០០ម៉ែត្រពីការិយាល័យបោះឆ្នោត យ៉ាងយូរបំផុតនៅថ្ងៃបញ្ចប់ការឃោសនានេះ លើកលែងតែស្លាកសញ្ញាដែលមាននៅទីស្នាក់ការអចិន្ត្រៃយ៍។

 

ពាក់ព័ន្ធទៅនឹងការបិទផ្សាយបញ្ជីបោះឆ្នោត និងលេខកូដការិយាល័យបោះឆ្នោតនៅតាម ការិយាល័យបោះឆ្នោត ឯកឧត្ដម ហង្ស ពុទ្ធា បានជម្រាបជូនដែរថា នៅមួយថ្ងៃ មុនថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ប្រធានការិយាល័យបោះឆ្នោត (គ.ក.ប) ត្រូវចាត់ឱ្យបិទផ្សាយលេខកូដការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ចំនួន ១ច្បាប់ នៅមុខទីតាំងការិយាល័យបោះឆ្នោត។ ការបិទផ្សាយនេះត្រូវធានាថា អាចផ្តល់លក្ខណៈងាយស្រួលចំពោះប្រជាពលរដ្ឋ ពិសេសជនមានពិការភាព (ជនពិការជិះរទេះ) ក្នុងការមកពិនិត្យឈ្មោះរបស់ខ្លួនតាមការិយាល័យបោះឆ្នោត និងត្រូវធានាថាបញ្ជីនេះ ត្រូវបានបិទនៅទីតាំងដែលមិនមានការជ្រាបលេច ជាហេតុបណ្តាលឱ្យសើម ឬប៉ះពាល់ដល់បញ្ជីបោះឆ្នោត។ ឯកឧត្ដម បន្តទៀតថា ក្រៅពីការបិទផ្សាយនៅតាមការិយាល័យបោះឆ្នោត គ.ជ.ប ក៏បានបង្ហោះផងដែរនូវបញ្ជីបោះឆ្នោតនេះនៅលើគេហទំព័រ «voterlist.nec.gov.kh» និងនៅលើ App «NEC KH»។

 

មានសំណួរមួយចំនួនរបស់ភាគីពាក់ព័ន្ធបានលើកឡើង ហើយតំណាង គ.ជ.ប ក៏បានឆ្លើយបំភ្លឺដូចតទៅ ៖

- អំពីពាក្យបណ្តឹងក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះ តាមនីតិវិធីដំបូងត្រូវដាក់ពាក្យបណ្តឹងនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) រួចបន្តមក គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត បន្តមក គ.ជ.ប និងចុងក្រោយនៅក្រុមប្រឹក្សាធម្មនុញ្ញ។ អ្នកដែលត្រូវបានគេប្តឹងមាន ២១ នាក់ ហើយការដោះស្រាយបណ្តឹងនោះ ត្រូវបានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ពិន័យជាប្រាក់ និងដកសិទ្ធិបោះឆ្នោត សរុបចំនួន ១៧ នាក់។

- ចំពោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមានចំនួន ៤២៣ នាក់ មកពី ៥៩ ស្ថាប័ន។ រីឯអ្នកសង្កេតការណ៍បោះឆ្នោតជាតិមាន ៨៩.៥៦២ នាក់ មកពី ១៣៤ ស្ថាប័ន។

- មកដល់ពេលនេះសម្ភារបោះឆ្នោតបានទៅដល់ គឃ.សប អស់ហើយ ថ្ងៃស្អែកឃុំ សង្កាត់ត្រូវបញ្ជូនទៅការិយាល័យបោះឆ្នោត ដើម្បីឱ្យមន្ត្រីបោះឆ្នោតរៀបចំការិយាល័យបោះឆ្នោត។ នៅរដូវនេះជារដូវភ្លៀងជាហេតុធ្វើឱ្យការិយាល័យបោះឆ្នោត ចំនួន ១០ ត្រូវបានផ្លាស់ប្តូរទីតាំង។ ចំពោះការការពារសន្តិសុខ គ.ជ.ប បានត្រៀមកម្លាំងរួចរាល់ហើយ។

- ឆ្លើយទៅនឹងសំណួរដែលគណបក្សនយោបាយមិនបានហែក្បួនឃោសនាបោះឆ្នោតនោះ គឺគណបក្សធម្មាធិបតេយ្យ និងគណបក្សបំណងពលរដ្ឋ។

 

ជាចុងក្រោយក្នុងនាម ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ឯកឧត្ដម ហង្ស ពុទ្ធា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្ដម សង្ឃឹមជឿជាក់យ៉ាងមុតមាំថា តំណាងភាគីពាក់ព័ន្ធទាំងអស់ ពិសេសគ្រប់គណបក្សនយោបាយ នឹងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងសេចក្តីណែនាំផ្សេងទៀតជាធរមាន។ ឯកឧត្ដម បានអំពាវនាវផងដែរចំពោះប្រជាពលរដ្ឋសូមត្រៀមឯកសារដែលរួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) និងសូមទៅបោះឆ្នោតទាំងអស់គ្នា ដោយគ្មានការភ័យខ្លាច ដោយសេរី និងធានាការសម្ងាត់ ដើម្បីអភិវឌ្ឍសង្គមជាតិរបស់យើង។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតនេះ មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីស្ថានទូតជប៉ុន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ចំនួនប្រមាណ ៧០នាក់៕

ទាញយកកម្មវិធី(App) CamNEC News