សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ .ជ.ប លេខ ០៥០ គ.ជ.ប ស្តីពីប្រធាន គ.ជ.ប ទទួលជួបគណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិ មកពីព្រះរាជាណាចក្រថៃ

នារសៀលថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួប ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង (H.E.Mr. Ittiporn Boonpracong) ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូមកសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានអញ្ជើញគណៈប្រតិភូថៃ ដើម្បីមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។ ឯកឧត្តមបានបន្តថា នេះជាលើកទីមួយហើយសម្រាប់ឯកឧត្តម ក្នុងតំណែងជាប្រធាន គ.ជ.ប នៃព្រះរាជាណាចក្រថៃ ដែលបានធ្វើទស្សនកិច្ចនៅក្រៅប្រទេស គឺព្រះរាជាណាចក្រកម្ពុជាតែម្តង ដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងជាសមាជិកអាស៊ានជាមួយគ្នា ហើយឯកឧត្តមមានអារម្មណ៍សប្បាយចិត្តជាងបានទៅបណ្តាប្រទេសនៅអឺរ៉ុបទៅទៀត។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានមតិស្វាគមន៍ចំពោះ ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង និងសហការីទាំងអស់ ដែលបានចាប់អារម្មណ៍ចំពោះព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នេះ។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍បន្តថា នៅឆ្នាំ១៩៩៣ ការបោះឆ្នោត នៅកម្ពុជា ត្រូវបានរៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិ (UNTAC)។ នៅឆ្នាំ១៩៩៧ ព្រះរាជាណាចក្រកម្ពុជាបានបង្កើតស្ថាប័នរៀបចំការបោះឆ្នោត ដើម្បី រៀបចំការបោះឆ្នោតដោយខ្លួនឯង។ ចាប់ពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន គ.ជ.ប បានរៀបចំការ បោះឆ្នោតយ៉ាងទៀងទាត់ ទាំងសកល ទាំងអសកល ចំនួន ១៦លើករួចមកហើយ។ ឯកឧត្តមបាន បន្តថា ការរៀបចំការបោះឆ្នោតដំបូងមានជួបបញ្ហាស្មុគស្មាញជាច្រើន ជាពិសេសបញ្ហាអសន្តិសុខ ក្នុងដំណើរការបោះឆ្នោត និងបរិយាកាសក្រោយការបោះឆ្នោត មានការតវ៉ាទៅនឹងលទ្ធផលនៃការបោះឆ្នោត។ ប៉ុន្តែប៉ុន្មានអាណត្តិចុងក្រោយនេះ ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបញ្ហាអ្វីនោះទេ។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនបន្តទៀតថា ជាទូទៅការរៀបចំការបោះឆ្នោតមាន ៤ ដំណាក់កាល ហើយឯកឧត្តមក៏បានពន្យល់ដោយសង្ខេបនូវដំណាក់កាលនីមួយៗ នៃដំណើរការរៀបចំការបោះឆ្នោត៖
- ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

- ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ

- ដំណាក់កាលឃោសនាបោះឆ្នោត

- ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត បែងចែកអាសនៈ និងប្រកាសលទ្ធផលនៃការបោះឆ្នោត។

ចំពោះការដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនថា មាន ៤ថ្នាក់ គឺនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចុងក្រោយនៅក្រុមប្រឹក្សាធម្មនុញ្ញ។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនបន្តទៀតថា ការបោះឆ្នោតនៅកម្ពុជា គឺមានរៀបចំឱ្យមានការចូលរួមផ្តល់អនុសាសន៍លើបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ពីបណ្តាភាគី ពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនឹង ការបោះឆ្នោត។

 

ចំពោះការត្រៀមរៀបចំសម្ភារសម្រាប់ការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា សម្ភារបោះឆ្នោតបានដឹកជញ្ជូនទៅដល់គោលដៅអស់ហើយ។ តំបន់ខ្លះ ត្រូវដឹកជញ្ជូនសម្ភារបោះឆ្នោតតាមយន្តហោះ តំបន់ខ្លះទៀតត្រូវដឹកជញ្ជូនតាមដំរី ដោយសារភ្លៀងជោគជាំ ផ្លូវពិបាកធ្វើដំណើរ និងត្រូវឆ្លងកាត់ទឹកថែមទៀត។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍បន្តទៀតថា គ.ជ.ប កម្ពុជា អនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យ ផ្អែកលើច្បាប់ជាធរមាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការបោះឆ្នោត រួមទាំងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។

 

ក្រោយពីបានស្តាប់ប្រសាសន៍របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប រួចមក ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព័ត៌មានដែលទទួលបាននៅ ពេលនេះ អំពីប្រវត្តិនៃការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា និងកិច្ចដំណើរនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។ ឯកឧត្តមក៏បានចែករំលែកព័ត៌មានអំពីការ បោះឆ្នោតនៅព្រះរាជាណាចក្រថៃថា ព្រះរាជាណាចក្រថៃធ្លាប់រៀបចំការបោះឆ្នោតចំនួន ៧២ លើករួចមកហើយ ដែលកាលមុន ការរៀបចំការបោះឆ្នោតស្ថិតនៅក្រោមការរៀបចំរបស់ក្រសួងមហាផ្ទៃ។ ក្រោយមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានបង្កើតឡើង ដែលមានអាយុកាល ២៥ឆ្នាំហើយមកដល់ពេលនេះ។ ក្នុងអាណត្តិនៃការគ្រប់គ្រងរបស់ ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង គឺបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចំនួន ២លើក នៅឆ្នាំ២០១៩ និងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបន្តថា ព្រះរាជាណាចក្រថៃក៏មានការបោះឆ្នោតថ្នាក់មូលដ្ឋានផងដែរ។ ចំពោះបច្ចេកទេសពាក់ព័ន្ធទៅនឹងការរៀបចំការបោះឆ្នោតមានផ្នែកខ្លះ ស្រដៀងគ្នា និងផ្នែកខ្លះមានភាពខុសគ្នាពីព្រះរាជាណាចក្រកម្ពុជា។ នៅព្រះរាជាណាចក្រថៃ មិនមានធ្វើការចុះឈ្មោះបោះឆ្នោតនោះទេ គឺបញ្ជីបោះឆ្នោតយកចេញពីក្រសួងមហាផ្ទៃ។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនមានភាពខុសគ្នាខ្លះ រីឯការឃោសនាបោះឆ្នោតស្រដៀងគ្នានៅព្រះរាជាណាចក្រកម្ពុជា។ ការបោះឆ្នោតបើកដំណើរការចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច ហើយការររាប់សន្លឹកឆ្នោត គឺរាប់នៅនឹងការិយាល័យ បោះឆ្នោតតែម្តង។ ចំពោះការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោតក្នុងឆ្នាំ២០២៣ នេះ គ.ជ.ប ថៃ ផ្សាយបានលឿនជាងការបោះឆ្នោតក្នុងឆ្នាំ២០១៩។ ឯកឧត្តមមានចំណាប់អារម្មណ៍ជាខ្លាំងចង់ឃើញការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោតរបស់ គ.ជ.ប កម្ពុជា ផងដែរ ហើយសង្ឃឹមថា នឹងបានដកស្រង់បទពិសោធន៍ពីកម្ពុជា។ ឯកឧត្តមបន្តថា បន្ទាប់ពីបញ្ចប់បេសកកម្មនេះ ឯកឧត្តមចង់ឱ្យ មានជំនួបពិភាក្សាគ្នាជាបន្តទៀតដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាង គ.ជ.ប ថៃ និង គ.ជ.ប កម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបន្តជួបគ្នាក្នុងចំណោម គ.ជ.ប នៃបណ្តាប្រទេសក្នុងសមាគម អាស៊ាន។ ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង សន្យាថា នឹងអញ្ជើញប្រធាន គ.ជ.ប កម្ពុជា ទៅទស្សនកិច្ចនៅព្រះរាជាណាចក្រថៃវិញម្តង។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណ និងទទួលយកចំពោះការ លើកឡើងរបស់ ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង ជាពិសេសទំនាក់ទំនងទ្វេភាគីរវាង គ.ជ.ប ថៃ និង គ.ជ.ប កម្ពុជា និងឈានទៅជំនួបពិភាក្សាគ្នារវាង គ.ជ.ប ទាំងអស់ក្នុងបណ្តាប្រទេសនៃសមាគមអាស៊ាន។

 

ជំនួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បានប្រព្រឹត្តទៅអស់រយៈពេលមួយម៉ោង ដោយ ភាពស្និទ្ធស្នាល និងយោគយល់គ្នាយ៉ាងជ្រាលជ្រៅ៕

ទាញយកកម្មវិធី(App) CamNEC News