នារសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ នៅទីស្តីការគណៈកម្មា-ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួប ឯកឧត្តម រ៉េម៉ាន់ដូ ភឺរេរ៉ា (H.E.Mr. Raimundo PEREIRA) ប្រធានគណៈប្រតិភូសហគមន៍ សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (La Communauté économique des États de L’Afrique de L’Ouest “CEDEAO”) និងជាសមាជិកបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយ ភាសាបារាំង ដែលបានមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានមតិស្វាគមន៍គណៈប្រតិភូ ស៊ីឌីអេអូ (CEDEAO) ដែលបានអញ្ជើញមកដល់ទីស្តីការ គ.ជ.ប និងមានចំណាប់អារម្មណ៍ អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។
បន្ទាប់មក ឯកឧត្តម រ៉េម៉ាន់ដូ ភឺរេរ៉ា បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងបានកោតសរសើរដល់ គ.ជ.ប ដែលបានរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ នេះ ប្រព្រឹត្តទៅបានលទ្ធផលល្អ។ លទ្ធផលនៃការងារនេះ ស្តែងចេញ ពីការបំពេញភារកិច្ចរបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ប្រកបដោយវិជ្ជាជីវៈ។ ឯកឧត្តម បាន សង្កេតឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ សន្តិភាព សេរី មានតម្លាភាព និងមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបន្តថា អង្គការ ស៊ីឌីអេអូ (CEDEAO) ធ្លាប់ផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្តាប្រទេសផ្សេងៗជាច្រើនរួចមកហើយ អង្គការ ស៊ីឌីអេអូ (CEDEAO) ក៏មានបំណងចង់ផ្លាស់ប្តូរកិច្ចការបោះឆ្នោតជាមួយព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តម សង្កេតឃើញថា ប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ហើយឯកឧត្តមចង់ឱ្យមានការពង្រឹងបន្ថែមទៀត ដោយមានការចូលរួមបោះឆ្នោតពីប្រជាពលរដ្ឋដែលនៅក្រៅប្រទេស។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់គណៈប្រតិភូ ស៊ីឌីអេអូ (CEDEAO) ដែលបានវាយតម្លៃចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។ ឯកឧត្តមបន្តថា ប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា មានជាង ៣០ឆ្នាំមកហើយ ដែលបានបន្តរហូតមកដល់ពេលនេះ គឺបានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់។ ប្រវត្តិសាស្រ្តកម្ពុជាពោរពេញទៅដោយសង្គ្រាមស៊ីវិល ដែលមានបរទេសនៅពីក្រោយដែលជាហេតុជំរុញឱ្យមានសង្គ្រាមផ្ទៃក្នុង។ បន្ទាប់មក ភាគីជម្លោះទាំងអស់បានឯកភាពគ្នាបញ្ចប់សង្គ្រាម ដោយបានបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស រហូតដល់បង្កើតឱ្យមានការបោះឆ្នោត ដែលរៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ( UNTAC ) នៅឆ្នាំ១៩៩៣ ដែលការបោះឆ្នោតនាពេលនោះជ្រើសរើសសភាធម្មនុញ្ញ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ បន្ទាប់មកសភាធម្មនុញ្ញក្លាយជាសភាជាតិ ដើម្បីបង្កើតរាជរដ្ឋាភិបាលស្របច្បាប់។ រដ្ឋធម្មនុញ្ញបានចែងថា ព្រះរាជាណាចក្រកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរី ពហុបក្ស។ ឯកឧត្តម បន្តថា ចាប់ពីឆ្នាំ១៩៩៨ មក កម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯង ដែលចាត់ចែងដោយ គ.ជ.ប ហើយរហូតមកដល់បច្ចុប្បន្ន គ.ជ.ប បានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ទាំងសកល ទាំងអសកល ចំនួន ១៧លើករួចមកហើយ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្តទៀតថា បច្ចុប្បន្ន គ.ជ.ប ត្រូវបានចែងនៅក្នុង រដ្ឋធ្មនុញ្ញ ដែលមានសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ឯកឧត្តម បន្តថា ពីមុនការបោះឆ្នោតនៅកម្ពុជាជួបបញ្ហាខ្លះដែរ ប៉ុន្តែចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ការបោះឆ្នោតពុំមានបញ្ហាអ្វីទេ ដូចជាបញ្ហាអសន្តិសុខ ការតវ៉ាតាមទីសាធារណៈជាដើមក្រោយការបោះឆ្នោត ដោយសារការបោះឆ្នោតនៅកម្ពុជាបានធ្វើការកែលម្អជាបន្តបន្ទាប់ ដូចជាការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជាដើម។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនបន្តទៀតអំពីដំណាក់កាលនៃការរៀបចំការបោះឆ្នោតនៅកម្ពុជាមាន ៤ ដំណាក់កាល។ ឯកឧត្តម បានពន្យល់ដោយសង្ខេបនូវដំណាក់កាលនីមួយៗនៃដំណើរការរៀបចំការបោះឆ្នោត ដែលមានដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដំណាក់កាលឃោសនាបោះឆ្នោត និងដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត បែងចែកអាសនៈ និងប្រកាសលទ្ធផលនៃការបោះឆ្នោត។ ឯកឧត្តម បានបញ្ជាក់បន្ថែមអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតថា ជាដំបូងគណបក្សនយោបាយត្រូវមានឈ្មោះស្របច្បាប់នៅក្រសួងមហាផ្ទៃ ទើបមានសិទ្ធិដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ជ.ប ដោយអនុវត្តតាមលក្ខខណ្ឌនៃច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ គណបក្សនយោបាយចំនួន ២ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធ ដោយហេតុផលមិនបានបំពេញតាមលក្ខខណ្ឌនៃច្បាប់កំណត់។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នេះ មានតែ ១៨គណបក្សចូលរួមប្រកួតប្រជែង។
ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនថា គណបក្សនយោបាយទាំង ១៨ មានសិទ្ធិធ្វើការឃោសនាបោះឆ្នោត រយៈពេល ២១ថ្ងៃ ដោយអនុវត្ត ទៅតាមនីតិវិធី។ រូបភាពនៃការឃោសនាបោះឆ្នោត មានច្រើនដូចជាការហែក្បួន ការជួបប្រជុំ ចែកខិត្តបណ្ណ ចុះឃោសនាតាមផ្ទះប្រជាពលរដ្ឋ។ល។
ចំពោះការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនថា ប្រតិបត្តិការ បោះឆ្នោតចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល។ ចប់ការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតប្រព្រឹត្តទៅក្នុងការិយាល័យបោះឆ្នោតនោះតែម្តង។ ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ មានសិទ្ធិសង្កេតមើលដំណើរនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះរហូតដល់ចប់។
កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ត្រូវបានបិទផ្សាយ មួយច្បាប់នៅមុខការិយាល័យរាប់សន្លឹកឆ្នោត រួចផ្ញើមកគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មួយច្បាប់ ដើម្បីបញ្ជូនបន្តមក គ.ជ.ប ធ្វើការផ្សព្វផ្សាយ។
ភ្នាក់ងារគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ មានសិទ្ធិថតកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) និងមកទទួលយក ទ.១១០២ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនបន្តទៀតថា ទោះបីមានចលនារារាំង ប្រជាពលរដ្ឋ ញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញការបោះឆ្នោត ប៉ុន្តែប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត រហូតដល់ ៨៤,៥៩% គឺមានចំនួនច្រើនជាងការបោះឆ្នោតមុនៗ។ អ្នកសង្កេតការណ៍អន្តរជាតិ មាន ជាង ៤០០នាក់។
ចំពោះការដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនថា មាន ៤ថ្នាក់ គឺនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចុងក្រោយនៅក្រុមប្រឹក្សាធម្មនុញ្ញ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនផងដែរអំពីការអប់រំអ្នកបោះឆ្នោត ការ ផ្សព្វផ្សាយព័ត៌មានជូនអ្នកបោះឆ្នោត និងការចូលរួមរបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត រួមមាន គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ។ល។ ឯកឧត្តម បន្តថា ការ រៀបចំតាក់តែងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត គ.ជ.ប បានដាក់ជូនឱ្យភាគីពាក់ព័ន្ធ ចូលរួមផ្តល់អនុសាសន៍។ បន្ទាប់មក គ.ជ.ប ពិនិត្យលើអនុសាសន៍ទាំងនោះ ចំណុចខ្លះ គ.ជ.ប ទទួលយក។ ចំពោះចំណុចដែលមិនទទួលយក គ.ជ.ប ឆ្លើយប្រាប់ជូនហេតុផលទៅភាគីពាក់ព័ន្ធ ទាំងនោះវិញ។ បន្ទាប់មកបទបញ្ជា និងនីតិវិធីនេះត្រូវបានអនុម័តដោយ គ.ជ.ប ដើម្បីអនុវត្ត ទាំងអស់គ្នា។
ជារួម គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត។ ម្យ៉ាងទៀតការបោះឆ្នោតនៅកម្ពុជា គឺមានការវិវឌ្ឍន៍ ពីមួយអាណត្តិទៅមួយអាណត្តិ ដោយបានបញ្ចូលបច្ចេកវិទ្យាព័ត៌មានទៅក្នុងដំណើរការរៀបចំការ បោះឆ្នោត។
ជាថ្មីម្តងទៀត ឯកឧត្តម រ៉េម៉ាន់ដូ ភឺរេរ៉ា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា បានទទួលគណៈប្រតិភូអន្តរជាតិយ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានពន្យល់យ៉ាងក្បោះក្បាយ។
ជាចុងក្រោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប កម្ពុជា មាន កិច្ចសហការជាមួយអង្គការរៀបចំការបោះឆ្នោតនៅតាមបណ្តាប្រទេសនានាជាច្រើន ប្រសិនបើ អង្គការ ស៊ីឌីអេអូ (CEDEAO) មានកិច្ចសហប្រតិបត្តិការពាក់ព័ន្ធការបោះឆ្នោតជាមួយ គ.ជ.ប កម្ពុជា គឺរឹតតែប្រសើរថែមទៀត។
អំពីប្រវត្តិ ឯកឧត្តម រ៉េម៉ាន់ដូ ភឺរេរ៉ា គឺធ្លាប់ជាអតីតប្រមុខសាធារណរដ្ឋស្តីទីនៃប្រទេស Guinea Bissau ដែលជារដ្ឋអាហ្រ្វិកខាងលិច មានទីតាំងភូមិសាស្រ្តស្ថិតនៅទ្វីបអាហ្រ្វិក។ ប្រទេសនេះ មានប្រជាពលរដ្ឋជាង ២.១៣លាននាក់ ក្នុងឆ្នាំ២០២៣ និងប្រើប្រាស់ភាសាផ្លូវការគឺ Portuguese៕