សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៥៤ គ.ជ.ប ស្តីពីលទ្ធផលសវនាការជាសាធារណៈដោះស្រាយពាក្យបណ្តឹងតវ៉ាទៅនឹងសេចក្ដីសម្រេច របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ

Download

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅទីស្តីការគណៈ- កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមជំនុំជម្រះ គ.ជ.ប ដែលមានសមាសភាព ៩រូប ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមជំនុំជម្រះ គ.ជ.ប បានបើក សវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើពាក្យបណ្តឹង/សំណុំរឿង ចំនួន៥ ដែលត្រូវបានប្តឹងតវ៉ា ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត រួមមាន ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ។

បណ្តឹងតវ៉ាទាំងនោះមានដូចខាងក្រោម៖

១. សំណុំរឿងលេខ ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដើមបណ្តឹងឈ្មោះ លី ម៉េងហ័ង ភេទប្រុស កើតថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៨២ ប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេច លេខ ០០១ គ.ប/ក.ច ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម  ដែលបានផាកពិន័យខ្លួនជាប្រាក់ចំនួន ១០.០០០.០០០ (ដប់លាន) រៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ រយៈពេល ១០ (ដប់) ឆ្នាំ។

២. សំណុំរឿងលេខ ០០២ ចុះថ្ងៃទី១៩ ខែកក្កដា ២០២៣ ដើមបណ្តឹងមេធាវីឈ្មោះ ហេង វណ្ណបុត្រ តំណាងឱ្យលោក ហ៊ាន រចនា កើតថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៨០ ប្តឹងតវ៉ាទៅ នឹងសេចក្តីសម្រេចលេខ ០០១ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មការ រៀបចំការបោះឆ្នោតខេត្តប៉ៃលិន ដែលបានផាកពិន័យឈ្មោះ ខឹម មុនីកុសល ភេទប្រុស កើតថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧៣ ជាប្រាក់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល ១០ (ដប់) ឆ្នាំ ដែលការសម្រេចនេះមិនទៅតាមការចង់បានរបស់កូនក្តី (ហ៊ាន រចនា) ដែលស្នើសុំឱ្យដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតយ៉ាងតិច ២០ (ម្ភៃ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០.០០០.០០០ (ម្ភៃលាន) រៀល។

៣. សំណុំរឿងលេខ ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ២០២៣ ដើមបណ្តឹងមេធាវីឈ្មោះ ហេង វណ្ណបុត្រ តំណាងឱ្យលោក ហ៊ាន រចនា កើតថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៨០ ប្តឹងតវ៉ា ទៅនឹងសេចក្តីសម្រេចលេខ ០០២ គ.ប/ក.ច ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ដែលបានផាកពិន័យ ឈ្មោះ ស៊ុន សុភា ភេទស្រី កើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩៤ ជាប្រាក់ចំនួន ១០.០០០.០០០ (ដប់លាន) រៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ រយៈពេល ១០ (ដប់) ឆ្នាំ ដែលការសម្រេចនេះមិនទៅតាមការចង់បានរបស់កូនក្តី (ហ៊ាន រចនា) ដែលស្នើសុំឱ្យដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតយ៉ាងតិច ២០ (ម្ភៃ) ឆ្នាំ និងពិន័យ ជាប្រាក់ចំនួន ២០.០០០.០០០ (ម្ភៃលាន) រៀល។

៤. សំណុំរឿងលេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ២០២៣ 

- ដើមបណ្តឹងឈ្មោះ យ៉ាន សុឃឿន ភេទប្រុស កើតថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៨២ ជា គ្រូបង្រៀន ប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចលេខ ០០១ គ.ប/ត.ឃ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលបានផាកពិន័យខ្លួន ជាប្រាក់ចំនួន ១០.០០០.០០០ (ដប់លាន) រៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ។

- ដើមបណ្តឹងឈ្មោះ ទូច ជីវ៉ា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧២ ជាមេធាវី ប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចលេខ ០០១ គ.ប/ត.ឃ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលបានផាកពិន័យឈ្មោះ យ៉ាន សុឃឿន ភេទប្រុស កើតថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៨២ ជាប្រាក់ និងលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិបោះឆ្នោត មានលក្ខណៈធូរស្រាល។

បន្ទាប់ពីបានស្តាប់ការឆ្លើយបំភ្លឺរបស់ដើមបណ្តឹង និងមេធាវីតំណាងចុងចម្លើយ ក្រោយពីបាន ពិនិត្យភស្តុតាង និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរួចមក ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេច៖

១. តម្កល់សេចក្តីសម្រេចលេខ ០០១ គ.ប/ក.ច ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ទុកជាបានការពេញទាំងមូល។ សេចក្តី សម្រេចលេខ ០០១ គ.ជ.ប ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹង និងមេធាវីតំណាងគូភាគី បើកផ្លូវប្តឹងតវ៉ាទៅក្រុមប្រឹក្សា ធម្មនុញ្ញតាមកំណត់ច្បាប់។  

២. តម្កល់សេចក្តីសម្រេចលេខ ០០១ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មការ រៀបចំការបោះឆ្នោតខេត្តប៉ៃលិន ទុកជាបានការពេញទាំងមូល។ សេចក្តីសម្រេចលេខ ០០២ គ.ជ.ប ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខមេធាវីតំណាងដើមបណ្តឹង និងកំបាំងមុខចុងចម្លើយ ប៉ុន្តែចាត់ទុកជាចំពោះមុខ បើកផ្លូវប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាមកំណត់ច្បាប់។  

៣. តម្កល់សេចក្តីសម្រេចលេខ ០០២ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មការ រៀបចំការបោះឆ្នោតខេត្តប៉ៃលិន ទុកជាបានការពេញទាំងមូល។  សេចក្តីសម្រេចលេខ ០០៣ គ.ជ.ប ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខមេធាវីដើមបណ្តឹង និងកំបាំងមុខចុងចម្លើយ ប៉ុន្តែចាត់ទុកជាចំពោះមុខ បើកផ្លូវ ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាមកំណត់ច្បាប់។  

៤. តម្កល់សេចក្តីសម្រេចលេខ ០០១ គ.ប/ត.ឃ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ របស់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ទុកជាបានការពេញទាំងមូល។ សេចក្តី សម្រេចលេខ ០០៤ គ.ជ.ប ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹង និងមេធាវីតំណាងចុងចម្លើយ  បើកផ្លូវប្តឹងតវ៉ាទៅ ក្រុមប្រឹក្សាធម្មនុញ្ញតាមកំណត់ច្បាប់។ 

បណ្តឹងទាំងអស់ខាងលើនេះ ពាក់ព័ន្ធទៅនឹងការណែនាំ រារាំង ឬញុះញង់ប្រជាពលរដ្ឋមិនឱ្យ ទៅបោះឆ្នោត ឬឱ្យអ្នកបោះឆ្នោតគូសបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ដែលជាអំពើល្មើសដូចមានចែង ក្នុងមាត្រា ១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត៕

 

ទាញយកកម្មវិធី(App) CamNEC News