សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៥៥ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីការបោះឆ្នោតលើកទី១ (បោះឆ្នោតឡើងវិញ) វិសោធនកម្មប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ (វិសោធនកម្ម ចំណុចទី២១-២៧) និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១. ឯកភាពជាគោលការណ៍លើរបាយការណ៍ស្តីពីការបោះឆ្នោតលើកទី១ (បោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ ឆ្នាំ២០២៣។ 
  
២. ឯកភាពលើប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ (វិសោធនកម្ម ចំណុចទី២១-២៧)។

• ចំណុចទី២១ ក្នុងប្រតិទិន៖ ការប្រកាសលទ្ធផលបណ្តោះអាសន្នដោយ គ.ជ.ប (ករណីគ្មាន ឬមានពាក្យបណ្តឹង និងគ្មានការបោះឆ្នោតសាជាថ្មី) ប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ (ថ្ងៃចុងក្រោយ)។

• ចំណុចទី២៧ ក្នុងប្រតិទិន៖ ការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត (ករណីគ្មាន ឬមានពាក្យបណ្តឹង និងករណីគ្មាន ការបោះឆ្នោតសាជាថ្មី) ប្រកាសថ្ងៃទី៤ ខែសីហា-ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

៣. ឯកភាពលើសេចក្តីសម្រេចស្តីពីការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

តាមការសម្រេចរបស់អង្គប្រជុំ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

មុនបិទបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញប្រមូលឱ្យបានឆាប់របាយការណ៍ និងអនុសាសន៍របស់អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore