គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដូចខាងក្រោម ៖
I. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ
ពាក្យសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាងនៃគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះ
មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បញ្ចប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
- គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្ដីពីគណបក្សនយោបាយ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ
និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ និងតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ដែលកំណត់ដោយ គ.ជ.ប។
- គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះឈ្មោះជាភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) តាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។
គណបក្សនយោបាយអាចថតចម្លងពាក្យសុំទម្រង់បែបបទលេខ ១០០៧ ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន។
- គណបក្សនយោបាយអាចទាញយកទម្រង់បែបបទលេខ ១០០៧ ពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។
II. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
១. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បញ្ចប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
- សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវបំពេញពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ឱ្យបានត្រឹមត្រូវ និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេត-ការណ៍របស់ខ្លួននៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។
- គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។
- អ្នកសង្កេតការណ៍ជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងបានទទួលបណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ក្នុងរាជធានី ខេត្តដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ជាតិនៃរាជធានី ខេត្តនោះ។
២. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បញ្ចប់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
- អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវបំពេញពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ឱ្យបានត្រឹមត្រូវ និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួននៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។
- គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។
- អ្នកសង្កេតការណ៍អន្តរជាតិដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការ ហើយទទួលបណ្ណ សម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងមូលក្នុងព្រះរាជាណាចក្រកម្ពុជា។
គ.ជ.ប សង្ឃឹមទុកជាមុនថា គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ កបឃ.ស និង លធ.ខប នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។