វគ្គបណ្ដុះបណ្ដាលរយៈពេល ៣ ថ្ងៃស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូនដល់ប្រធាន អនុប្រធាន អ្នកបច្ចេកទេសកុំព្យូទ័រនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងក្រសួង ស្ថាប័នជាតិពាក់ព័ន្ធ ត្រូវបានបិទបញ្ចប់ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។
នាឱកាសនោះ ឯកឧត្ដម ទេព នីថា បានមានប្រសាសន៍ថា គ.ជ.ប ធ្វើការរៀបចំបញ្ជីបោះឆ្នោត ជារៀងរាល់ឆ្នាំ តាមការកំណត់នៃច្បាប់ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព តាមរយៈ៖
- ការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬទើបគ្រប់អាយុ ១៨ ឆ្នាំ ឬដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់
- ការកែតម្រូវឈ្មោះ ឬ/និងទិន្នន័យរបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ឱ្យបានត្រឹមត្រូវតាមឯកសារផ្លូវការដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត
- ការផ្លាស់ប្តូរទិន្នន័យឯកសារចុះឈ្មោះបោះឆ្នោតពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ផ្អែកតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព
- ការផ្ទេរការិយាល័យបោះឆ្នោតក្នុងភូមិ ឬពីភូមិមួយទៅភូមិមួយក្នុងឃុំ សង្កាត់ ឬទៅឃុំ សង្កាត់ផ្សេង និង
- ការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ សម្រាប់អ្នកដែលទទួលមរណភាព ឬត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។
ឯកឧត្ដមបានជម្រាបជូនទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំនៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា មានការវិវឌ្ឍល្អប្រសើរ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានអត្រាអ្នកបោះឆ្នោតខ្ពស់ គឺ ៨៤,៥៩ ភាគរយ និងក្រោយពេលដែលរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបង្កើត និងចូលកាន់តំណែងក្នុងពេលថ្មីៗកន្លងទៅនេះ ដែលជាអំណោយផលល្អ ធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ។
មុនប្រកាសបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានណែនាំដល់ លធ.ខប ទាំងអស់ ត្រូវត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តទៅមន្រ្តី លធ.ខប ក្រុមចុះឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងក្របខណ្ឌរាជធានី ខេត្តរបស់ខ្លួន ស្របតាមផែនការ ប្រតិទិន និងគោលការណ៍ណែនាំរបស់ គ.ជ.ប។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមក៏បានស្នើសុំទៅភាគីពាក់ព័ន្ធទាំងអស់ សូមផ្តល់កិច្ចសហការអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប សំដៅធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ សម្រេចបានជោគជ័យ ដើម្បីរៀបចំបញ្ជីបោះឆ្នោតឱ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់បម្រើឱ្យការបោះឆ្នោតជាសកល តាមការកំណត់នៃច្បាប់៕