សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប​​ លេខ ០៦១ គ.ជ.ប ស្តីពី ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

នាព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីបញ្ជីបោះឆ្នោតចុងក្រោយ អំពីលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងសភាពការណ៍ទូទៅមុនចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប បានលើកឡើងថា ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។  

ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប បានជម្រាបជូនបន្តទៀតថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២២ មានចំនួន ៩.៧១០.៦៥៥ (ប្រាំបួនលាន ប្រាំពីរ រយដប់ពាន់ ប្រាំមួយរយហាសិបប្រាំ)នាក់ ក្នុងនោះស្រ្តីមានចំនួន ៥.១៦១.៩០៩ (ប្រាំលាន មួយរយ ហុកសិបមួយពាន់ ប្រាំបួនរយប្រាំបួន)នាក់។ ឯកឧត្តមបន្តថា នៅមុនបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយនេះ (បញ្ជីបោះឆ្នោត ឆ្នាំ២០២២) តាមមធ្យោបាយដូចតទៅ៖

*  ផ្សព្វផ្សាយនៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh និងតាមរយៈកម្មវិធីទូរសព្ទដៃ App (NEC KH)

*  បិទផ្សាយនៅសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច ១០ (ដប់) ថ្ងៃមុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយក្នុងឆ្នាំនេះការបិទផ្សាយត្រូវធ្វើនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ មានគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

ចំពោះលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប បានជម្រាបជូនថា ដំណើរការនៃការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

គោលដៅនៃការចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ បានពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនតាមឈ្មោះ និងទិន្នន័យផ្លូវការ ដែលមានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព និងដើម្បីអញ្ជើញប្រជាពលរដ្ឋមកកែតម្រូវ ឬធ្វើបច្ចុប្បន្នភាពជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេល ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់។
  
   ឯកឧត្ដម នុត សុខុម បានបន្តថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលបានសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន ៥.៧៧៥.៣១៣ (ប្រាំលាន ប្រាំពីររយចិតសិបប្រាំពាន់ បីរយដប់បី)នាក់ ស្មើនឹង ៥៩,៤៧ (ហាសិប ប្រាំបួនក្បៀសសែសិបប្រាំពីរ)ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។ លិខិតអញ្ជើញនេះ នៅតែបន្តចុះចែករហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

អំពីសភាពការណ៍ទូទៅ មុនចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឯកឧត្ដម នុត សុខុម បានជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំនៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយ នៅកម្ពុជា មានការវិវឌ្ឍល្អប្រសើរ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានអត្រាអ្នកបានទៅបោះឆ្នោតខ្ពស់ គឺ ៨៤,៥៩ (ប៉ែតសិបបួនក្បៀសហាសិប ប្រាំបួន) ភាគរយ និងក្រោយពេលដែលរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាល នីតិកាលទី៧ ត្រូវបានបង្កើត និងចូលកាន់តំណែងក្នុងពេលកន្លងទៅថ្មីៗនេះ។

ឯកឧត្តមបានបន្តថា កត្តាសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គមដែលល្អនេះហើយ ដែលធ្វើឱ្យ គ.ជ.ប មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំចាត់ចែងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ។

ឯកឧត្ដម នុត សុខុម បានមានប្រសាសន៍បន្តទៀតថា ការងារមួយចំនួន គ.ជ.ប បានអនុវត្តរួចរាល់ហើយការងារមួយចំនួនទៀត គ.ជ.ប ត្រៀមអនុវត្តជាបន្តបន្ទាប់មានដូចជា៖

*  ការរៀបចំកែសម្រួលបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ផែនការមេ ប្រតិទិនការងារ និងឯកសារគតិយុត្តផ្សេងទៀត សម្រាប់បម្រើឱ្យការចុះឈ្មោះបោះឆ្នោត

*  ការបញ្ជាទិញសម្ភារ និងបរិក្ខារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

*  ការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ជាមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់

*  ការរៀបចំបញ្ជូនសម្ភារ និងបរិក្ខារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត

*  ការងារចុះឈ្មោះបោះឆ្នោត និងបញ្ជូនលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់។

ជាចុងក្រោយ តាងនាម គ.ជ.ប និងឯកឧត្តមប្រធាន ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប បានធ្វើការអំពាវនាវដោយទទូច និងដោយសេចក្ដីគោរព៖

*  ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ (ដប់ប្រាំបី) ឆ្នាំ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ (ដប់ប្រាំបី) ឆ្នាំហើយ ប៉ុន្តែមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមមេត្តាអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ នៅតាមសាលាឃុំ សង្កាត់ ឬ/ និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ដើម្បីបំពេញសិទ្ធិជាម្ចាស់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ

*  ចំពោះប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតពីមុន សូមអញ្ជើញទៅពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួន ដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និងតាមកម្មវិធីទូរសព្ទ App (NEC KH) ក្រែងមានករណីត្រូវកែតម្រូវឱ្យត្រូវទៅក្នុងបញ្ជីបោះឆ្នោត

*  សូមសំណូមពរជាពិសេសដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ដើម្បីចូលរួមផ្សព្វផ្សាយ ជួយជំរុញប្រជាពលរដ្ឋ និងជួយពិនិត្យតាមដានមើលដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តដោយរលូន តម្លាភាព និងជោគជ័យ

*  សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមសហការ និងថែរក្សា ការពារសន្តិសុខ និង សណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ 

*  សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមជួយផ្សព្វផ្សាយ អំពីការងាររៀបចំ ដំណើរការនេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការចុះឈ្មោះ បោះឆ្នោត និងការបោះឆ្នោត។

នេះជាកិច្ចប្រជុំលើកទី២ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលសមាសភាពចូលរួមមកពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ តំណាងស្ថានទូតរុស្ស៊ី តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណជាង ៥០នាក់៕

ទាញយកកម្មវិធី(App) CamNEC News