គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងជាសាធារណៈដល់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដូចខាងក្រោម ៖
I. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ
ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាងគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។
១. ដំណាក់កាលចុះឈ្មោះបោះឆ្នោត
គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយមានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងរាជធានី ខេត្តនៃភូមិភាគ និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បញ្ចប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
១.១ ការសង្កេតមើលការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់
- គណបក្សនយោបាយ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅ លធ.ខប តាមទម្រង់បែបបទលេខ ១០០៧ (ទ.១០០៧)។ គណបក្សនយោបាយអាចថតចម្លង ទ.១០០៧ ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួនបាន។ លធ.ខប ត្រូវចេញបណ្ណសម្គាល់ខ្លួនជូនភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់។
- គណបក្សនយោបាយ អាចទាញយក ទ. ១០០៧ ពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។
១.២ ការសង្កេតមើលការចុះឈ្មោះបោះឆ្នោតនៅអគ្គលេខាធិការដ្ឋានរដ្ឋសភា
- គណបក្សនយោបាយ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩) តាម ទ.១០០៧។ គ.ជ.ប ត្រូវចេញ បណ្ណសម្គាល់ភ្នាក់ងារជូនគណបក្សនយោបាយ ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោតនៅអគ្គលេខា-ធិការដ្ឋានរដ្ឋសភា។
- គំរូពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយដើម្បីសង្កេតមើលការចុះឈ្មោះបោះ-ឆ្នោតនៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ នៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។
២. ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បញ្ចប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។
- គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន ២ (ពីរ) រូប ភ្នាក់ងារពេញសិទ្ធិ ១ (មួយ) រូប និងភ្នាក់ងារបម្រុង ១ (មួយ) រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗនៅតាមរាជធានី ខេត្តនៃភូមិភាគដែលខ្លួនឈរឈ្មោះបោះឆ្នោត។
- គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។ គធ.ខប ត្រូវចេញបណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗនៃរាជធានី ខេត្តរបស់ខ្លួន។
- ទ.១០០៧ ត្រូវផ្តល់ជូនដោយឥតគិតថ្លៃ នៅ គធ.ខប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។
II. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
១. ដំណាក់កាលចុះឈ្មោះបោះឆ្នោត
១.១ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បញ្ចប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
- គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិត្រូវផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួននៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។
- អ្នកសង្កេតការណ៍ជាតិដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងបានទទួលបណ្ណសម្គាល់អ្នកសង្កេតការណ៍ពី លធ.ខប រួចហើយ មានសិទ្ធិសង្កេតមើលការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនីមួយៗ។
១.២ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បញ្ចប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
- គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិត្រូវផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួននៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី (នៅការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។
- អ្នកសង្កេតការណ៍អន្តរជាតិដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប ហើយទទួលបណ្ណសម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប រួចហើយមានសិទ្ធិសង្កេតមើលការចុះឈ្មោះបោះឆ្នោតតាមការិយាល័យចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស។
២. ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត
២.១ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បញ្ចប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
- គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិត្រូវផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួន នៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី (នៅការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។
- អ្នកសង្កេតការណ៍ជាតិដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងបានទទួលបណ្ណសម្គាល់អ្នកសង្កេតការណ៍ពី គធ.ខប រួចហើយ មានសិទ្ធិសង្កេតមើលការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ។
២.២ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ
- កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បញ្ចប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
- គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិត្រូវផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួន នៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ (ប្រាំពីរ) ដល់ម៉ោង ១១:៣០ (ដប់មួយសាមសិប) នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ (ដប់បួន) ដល់ម៉ោង ១៧:៣០ (ដប់ប្រាំពីរសាមសិប) នាទី (នៅការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។
- អ្នកសង្កេតការណ៍អន្តរជាតិដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប ហើយទទួលបណ្ណសម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប រួចហើយ មានសិទ្ធិសង្កេតមើលការបោះឆ្នោតតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតទូទាំងប្រទេស។
ដើម្បីបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការចូលរួមសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គ.ជ.ប បានសម្រេចអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការរួចហើយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានសិទ្ធិចូលរួមសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅតាមសាលាឃុំ សង្កាត់ ដោយត្រូវពាក់បណ្ណសម្គាល់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងត្រូវគោរពនូវច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
III. សំណូមពរ
បន្ទាប់ពីដំណើរការបោះឆ្នោតបានចប់សព្វគ្រប់ហើយ សាមីសមាគម អង្គការសង្កេតការណ៍ទាំងឡាយត្រូវផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីការសង្កេតឃើញ និងសេចក្តីសន្និដ្ឋានរបស់ខ្លួន នៅក្នុងដំណើរការបោះឆ្នោតផ្ញើជូន គ.ជ.ប។
គ.ជ.ប សង្ឃឹមថា គ្រប់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក្រុមប្រឹក្សាឃុំ សង្កាត់ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការឱ្យបានល្អ ដើម្បីជំរុញឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។