នាព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត និងបញ្ហាប្រឈម ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
ឯកឧត្ដម ឌុច សុន មានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣នេះ មានគោលដៅសំខាន់គឺការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បីធានាសិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ឯកឧត្តមបន្តថា ការរៀបចំការគ្រប់គ្រង ការប្រព្រឹត្តទៅនៃការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ត្រូវអនុវត្តដោយអនុលោមទៅតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ បទបញ្ជា និង នីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តនានាដែលស្ថិតនៅជាធរមាន។
អំពីសភាពការណ៍ទូទៅជុំវិញដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ឯកឧត្ដម ឌុច សុន មានប្រសាសន៍ថា ក្នុងអំឡុងពេល ១០ ថ្ងៃកន្លងមកនេះ ដោយសារពេលនេះជាចុង រដូវវស្សា ហើយនៅប៉ុន្មានថ្ងៃនៃការចាប់ផ្តើមចុះឈ្មោះដំបូងមានភ្លៀងធ្លាក់ជោគជាំ នៅតាមឃុំ សង្កាត់មួយចំនួន បង្កជាទឹកជន់ ព្រមទាំងស្ថានភាពសម្ភារ បរិក្ខារ កុំព្យូទ័រ សម្រាប់បម្រើឱ្យការ ចុះឈ្មោះបោះឆ្នោតមានសភាពចាស់នាំឱ្យមានការរអាក់រអួលខ្លះ ប៉ុន្តែ គ.ជ.ប មានវិធានការ ដោះស្រាយបានទាន់ពេលវេលា។
អំពីសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស ឯកឧត្ដម ឌុច សុន បានជម្រាបជូនថា ដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ ដោយ គ.ជ.ប មានការសហការយ៉ាងខ្ជាប់ខ្ជួនជាមួយ គណៈបញ្ជាការសន្ដិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។ ជារួមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតី និងមានភាពរលូនល្អ។
អំពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ឯកឧត្ដម ឌុច សុន មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតការណ៍ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅ តាមឃុំ សង្កាត់ សរុបចំនួន ៣.៧១៩ នាក់ (ស្រី ១.០៦២ នាក់) ដែលមកពីគណបក្សប្រជាជនកម្ពុជា ចំនួន ៣.៤៦៥ នាក់ (ស្រី ១.០០៣ នាក់) ក្នុង ២៥/២៥ រាជធានី ខេត្ត ១.៦៥២/១.៦៥២ ឃុំ សង្កាត់ និងគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ២៥៤ នាក់ (ស្រី ៥៩ នាក់) ក្នុង ១១/២៥ រាជធានី ខេត្ត ១៦៩/១.៦៥២ ឃុំ សង្កាត់។ ហើយ គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍ជាតិ សរុបចំនួន ២.១៧៦ នាក់ (ស្រី ៧៧៦ នាក់) ដែលមកពីសហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងនោះ គ.ជ.ប កំពុងនឹងពិនិត្យទៅលើការស្នើសុំចុះឈ្មោះដាក់អ្នកសង្កេតការណ៍ជាតិ របស់គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)។ ចំពោះអ្នកសង្កេតការណ៍ អន្តរជាតិពុំទាន់មាន។
អំពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឯកឧត្ដម ឌុច សុន មានប្រសាសន៍ថា គិតត្រឹម ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គ.ជ.ប បានចេញបណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ សរុប ចំនួន ១០នាក់ (ស្រី ២នាក់) មកពី ២អង្គភាព ដែលបានដាក់ពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មាន សម្រាប់ យកព័ត៌មានអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្ដម ឌុច សុន មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប និងនៅក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់ទទួលបាន ពាក្យបណ្ដឹងណាមួយឡើយ។
អំពីលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្ដម ឌុច សុន បានជម្រាបជូនថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លទ្ធផលបណ្ដោះ អាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានដូចខាងក្រោម៖
* ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ១២១.០៤២ នាក់ (ស្រី ៥៨.១៨០នាក់)
* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ៨២.៩៧២ នាក់
* អ្នកដែលបានកែតម្រូវទិន្នន័យសរុបមានចំនួន ១១.២៤៤ នាក់
* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ២៤.៨១៨ នាក់
* សរុបអ្នកមានឈ្មោះបណ្ដោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ចំនួន ៩.៧៧៣.៥៤៣ នាក់ (ស្រី ៥.១៩៣.៩៦៧នាក់) ស្មើនឹង ៨៩,០៣%។
បញ្ហាប្រឈមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឯកឧត្ដម ឌុច សុន បានជម្រាបជូនថា ឃុំ សង្កាត់មួយចំនួនមិនសូវមានអ្នកមកចុះឈ្មោះ ដោយសារប្រជាពលរដ្ឋជាប់រវល់ បំពេញការងារ ប្រកបមុខរបរចិញ្ចឹមជីវិត និងជាប់រវល់នឹងពិធីភ្ជុំបិណ្ឌជាដើម។ សម្ភារបរិក្ខាសម្រាប់ការចុះឈ្មោះនៅតាមឃុំ សង្កាត់មួយចំនួនមានសភាពចាស់ ដំណើរការរអាក់រអួល។ ឃុំ សង្កាត់មួយចំនួននៅតំបន់ដាច់ស្រយាល មានសេវាអ៊ីនធឺណិតខ្សោយ ពិបាកក្នុងការបញ្ជូនទិន្ន័យតាម VPN មក គ.ជ.ប។ ឃុំ សង្កាត់ខ្លះមានភ្លៀងធ្លាក់ពីតិចទៅខ្លាំង ដែលបង្កជាផលរំខានមួយចំនួនតូចដល់ប្រជាពលរដ្ឋដែលត្រូវអញ្ជើញមកទទួលសេវាពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ រូបថតក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីមួយចំនួនមិនច្បាស់ ធ្វើឱ្យមានការលំបាកក្នុងការស្គែនរូបឱ្យបានច្បាស់។
ឯកឧត្ដម បានបន្តថា ទោះបីមានបញ្ហាអាកាសធាតុ និងបច្ចេកទេសមានបញ្ហាប្រឈមខ្លះ គ.ជ.ប បានដោះស្រាយទាន់ពេលវេលា ហើយដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានប្រព្រឹត្តទៅធម្មតា។
ឯកឧត្ដម ឌុច សុន បានជម្រាបជូនបន្ថែមទៀតថា ដើម្បីផ្ដល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋ កុំឱ្យពិបាកក្នុងការធ្វើដំណើរការទៅពិនិត្យឈ្មោះនៅតាមឃុំ សង្កាត់ គ.ជ.ប បានបង្កើត ឡើងនូវគេហទំព័រ គ.ជ.ប ដែលមានឈ្មោះ Voterlist.nec.gov.kh និងលើទូរសព្ទដៃ ដែលមានឈ្មោះ NEC KH។ ឯកឧត្តមបន្តថា គ.ជ.ប បានអនុវត្តការងារចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការក្នុងឆ្នាំ២០២២ ចំនួន ៩.៧១០.៦៥៥ នាក់ ក្នុងចំណោម ១.៦៥២ ឃុំ សង្កាត់ បានចំនួន ៩.០៣៨.១៤៤ សន្លឹក គិតជាភាគរយ ស្មើនឹង ៩៣,០៧% គិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្ដម ឌុច សុន បានវាយតម្លៃថា ពិនិត្យជារួមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ រយៈពេល ១០ថ្ងៃកន្លងទៅ នៅតាមឃុំ សង្កាត់ទូទាំងប្រទេស បានប្រព្រឹត្តទៅដោយរលូនល្អក្នុងបរិយាកាស ស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ណាមួយកើតឡើងទេ។
ឆ្លើយទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំនោះ អំពីការបិទផ្សាយបញ្ជីឈ្មោះ ឬរកមើលឈ្មោះខ្លួនដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ គ.ជ.ប បានបញ្ជាក់ជូនថា ការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដំបូងគឺជាការបញ្ចូលទិន្ន័យក្នុងកុំព្យូទរ័នៅឃុំ សង្កាត់ រួចក្រុមចុះឈ្មោះបោះឆ្នោត បញ្ជូនទិន្នន័យនោះមក គ.ជ.ប ដើម្បី គ.ជ.ប រៀបចំជាបញ្ជីបោះឆ្នោតដំបូង។ បន្ទាប់មក គ.ជ.ប បញ្ជូនបញ្ជីបោះឆ្នោតដំបូងទៅបិទផ្សាយនៅឃុំ សង្កាត់ ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យមើល និងប្តឹងតវ៉ា ឬជំទាស់។ នៅដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនេះ ប្រជា-ពលរដ្ឋ អាចរកមើលឈ្មោះរបស់ខ្លួនតាមទូរសព្ទដៃ (Mobile App) ឬតាមគេហទំព័រ បានដែរ។ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាចុងក្រោយ តាងនាម គ.ជ.ប ឯកឧត្ដម ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំ កិច្ចប្រជុំ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋខ្មែរឱ្យបានជ្រួតជ្រាប និងជួយជំរុញឱ្យប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។ ឯកឧត្ដម សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការ តាមការអំពាវនាវនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិបោះឆ្នោតរបស់ ប្រជាពលរដ្ឋគ្រប់រូប។
នេះជាកិច្ចប្រជុំលើកទី៤ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៣ ដែលសមាសភាពចូលរួមមកពី អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួង មហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ក្រសួងសង្គមកិច្ច អគ្គស្នងការរដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ចំនួនប្រមាណជាង ៥០នាក់៕