នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារឯកសារ ដែលត្រូវបោះពុម្ព និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១. ឯកភាពលើការស្នើសុំរៀបចំបោះពុម្ពសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះបញ្ចូលគ្នាជាសៀវភៅ តែមួយ។
២. ឯកភាពលើខ្លឹមសារក្រមសីលធម៌ ចំនួន ៣ ដែលបានដកស្រង់ទាំងស្រុងចេញពី បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដើម្បីបោះពុម្ព រួមមាន៖
• ក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងដំណើរការបោះឆ្នោត។
• ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។
• ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត។
៣. ឯកភាពលើគំរូទម្រង់បែបបទ ចំនួន ១៥ ប្រភេទ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
៤. ឯកភាពលើខ្លឹមសារស្រោមសំបុត្រ ស្បោង និងសម្ភារការិយាល័យបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួមមាន៖
• ស្រោមសំបុត្របោះឆ្នោត ចំនួន ១៦ប្រភេទ
• ស្បោង ឬកញ្ចប់ដាក់សម្ភារឯកសារបោះឆ្នោត ចំនួន ៦ប្រភេទ
• គំរូត្រាការិយាល័យបោះឆ្នោត
• ត្រាសម្ងាត់
• ស្លាកសម្គាល់ការិយាល័យបោះឆ្នោត
• សេចក្តីណែនាំស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន
• បណ្ណប្រកាសហាមប្រើទូរសព្ទដៃ ម៉ាស៊ីន និងឧបករណ៍ថតរូបក្នុងការិយាល័យ បោះឆ្នោត។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕