សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៧១ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារអត្ថបទស្ប៉តវីដេអូអប់រំ ការស្ទង់មតិអំពីប្រសិទ្ធភាពនៃវគ្គអប់រំ និងបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត  ឯកសារដែលត្រូវបោះពុម្ពផ្សព្វផ្សាយ
ឯកសារពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងឯកសារពាក់ព័ន្ធនឹងការលុបឈ្មោះអ្នកបោះឆ្នោត ក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើអត្ថបទវីដេអូអប់រំ និងឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងសម្រេច ដូចខាងក្រោម៖

១. ឯកភាពលើខ្លឹមសារអត្ថបទស្ប៉តវីដេអូអប់រំគំនូរជីវចល ដែលមានចំណងជើងថា “ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤”។

២. ឯកភាពលើខ្លឹមសារស្ប៉តអប់រំ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួមមាន៖

* ស្ប៉តអប់រំផ្សព្វផ្សាយតាមវិទ្យុ  ចំនួន ៣រឿង មានចំណងជើងថា៖

* “ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤”

* “ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤”

* “ការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា”

* ស្ប៉តវីដេអូអប់រំខ្លី សម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍  ចំនួន ២រឿង និងវីដេអូខ្នាតវែង ១រឿង ដែលមានចំណងជើងថា៖

* “ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤”

* “ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤”

* “នីតិវិធីស្តីពីការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤”។

៣. ឯកភាពជាគោលការណ៍ឱ្យនាយកដ្ឋានជំនាញធ្វើការស្ទង់មតិអំពីប្រសិទ្ធភាពនៃវគ្គអប់រំ និងបញ្រ្ជាបការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត  រួចត្រូវធ្វើរបាយការណ៍ជូន គ.ជ.ប អំពីលទ្ធផលនៃការស្ទង់មតិនេះ។

៤. កែសម្រួល និងឯកភាពជាគោលការណ៍លើខ្លឹមសារខិត្តបណ្ណ ចំនួន ៣ ប្រភេទ និង សៀវភៅផ្នត់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

៥. ឯកភាពលើឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

• សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន

• សេចក្តីជូនដំណឹង ស្តីពីលក្ខខណ្ឌនៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា

• សេចក្តីណែនាំ ស្តីពីនីតិវិធីនៃការប្រឡង

• សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំការប្រឡង

• លិខិតជម្រាបជូនលោក លោកស្រីប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប)

• លិខិតជម្រាបជូនលោក លោកស្រីប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)

• បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង

• ប្រតិទិនសម្រាប់ការប្រឡងជ្រើសរើសមន្រ្តី លគធ.ខប។

៦. ឯកភាពលើឯកសារបោះពុម្ពផ្សាយ ចំនួន ៦មុខ មានដូចខាងក្រោម៖

• ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប

• ទម្រង់ព្រឹត្តិបត្រគោលនយោបាយរបស់គណបក្សនយោបាយ

• ខិត្តបណ្ណស្តីពីគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត

• កូនសៀវភៅបត់ (Leaflet) ស្តីពីការបោះឆ្នោត

• សៀវភៅណែនាំ ស្តីពីការឃោសនាបោះឆ្នោត

• គំរូបណ្ណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

៧. ឯកភាព រក្សាទុកឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោត ចំនួន ១.០៨៥ (មួយពាន់ប៉ែតសិបប្រាំ) រូប ដែលឃុំ សង្កាត់នៃរាជធានី ខេត្តពាក់ព័ន្ធបានស្នើសុំលុបតាមទម្រង់ (ទ.១០២៥) ដោយតម្រូវឱ្យអង្គភាពជំនាញបញ្ជូនទៅឃុំ សង្កាត់ពាក់ព័ន្ធ ដើម្បីពិនិត្យមើលឯកសារឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីដាក់ប្តឹងជំទាស់នៅពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។

មុននឹងបិទបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញអំពីការលើកយោបល់ និងការធ្វើកំណត់បង្ហាញរឿងជូន គ.ជ.ប ចៀសវាងក្រៅពីខ្លួនឯងយល់ការងារបច្ចេកទេស អ្នកផ្សេងមិនយល់ នោះជាបញ្ហាលំបាក។  ដូចនេះ អង្គភាពជំនាញ ត្រូវលើកយោបល់ឱ្យបានប្រាកដប្រជា ហើយនៅពេលពិភាក្សា ប្រសិនបើមានចំណុចណាមួយត្រូវជជែកគ្នា អង្គភាពជំនាញត្រូវពន្យល់ហេតុផល និងបកស្រាយឱ្យបានច្បាស់លាស់ជូនអង្គប្រជុំ គ.ជ.ប៕     

 

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore