សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៧៨ គ.ជ.ប ស្តីពី ពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ដែលមានសមាសភាពទាំងអស់ ៩រូប។ ពិធីនេះធ្វើឡើងនៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

បន្ទាប់ពីបានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចមក ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអានព្រះរាជក្រឹត្យលេខ នស/រកត/១២២៣/២៥៨៩ ត្រាស់បង្គាប់ តែងតាំងមុខតំណែង ជាប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ៩ (ប្រាំបួន) រូប។

បន្ទាប់មក ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានមតិសំណេះសំណាលជាមួយមន្រ្តី គ.ជ.ប និងបានថ្លែងសុន្ទរកថា ដែលមានខ្លឹមសារដើមទាំងស្រុង ដូចតទៅ៖ 

ថ្ងៃនេះជាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ហើយស្របនឹងខួប ៦៨ឆ្នាំ ដែលប្រទេសកម្ពុជា ចូលជាសមាជិកអង្គការសហប្រជាជាតិ ហើយក៏ខួបទី៣១ ដែលប្រាសាទអង្គរវត្តរបស់កម្ពុជា បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ និងជាថ្ងៃដែល គ.ជ.ប ប្រកាសចូលកាន់តំណែង ក្នុងអាណត្តិថ្មីទី៧ របស់រដ្ឋសភា។ គ.ជ.ប បានធ្វើពិធីស្បថចូលកាន់តំណែងរួចហើយកាលពីម្សិលមិញ (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣)។ ប៉ុន្តែជាក់ស្តែង គ.ជ.ប ត្រូវតែមានពិធីថ្ងៃនេះ ដើម្បីឱ្យមន្រ្តី គ.ជ.ប បានទទួលស្គាល់ថា គ.ជ.ប ថ្មី ចាប់ផ្តើមពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ពីព្រោះថា នៅពេល គ.ជ.ប ថ្មី ចូលកាន់តំណែង គ.ជ.ប ចាស់ត្រូវអស់អាណត្តិ។

ជាបឋម ទូលព្រះបង្គំជាខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងក្ដីសោមនស្សរំភើបរីករាយឥតឧបមា សូមព្រះរាជានុញ្ញាត សម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត ប្រកបដោយកតញ្ញុតាធម៌ និងកតវេទិតាធម៌ថ្វាយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសប្រទាននូវព្រះរាជក្រឹត្យតែងតាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ដែលមានរូបខ្ញុំ ប្រាជ្ញ ចន្ទ ជាប្រធានដឹកនាំបន្តទៀត ឯកឧត្តម ជឺ ចំណាន ជាអនុប្រធាន ឯកឧត្តម មាន សទិ ជាសមាជិក ឯកឧត្តម ឌឹម សុវណ្ណារុំ ជាសមាជិក ឯកឧត្តម សោម សូរីដា ជាសមាជិក ឯកឧត្តម ហេង ស៊ីឡេង ជាសមាជិក ឯកឧត្តម យិច សមិទ្ធិ ជាសមាជិក ឯកឧត្តម ហ៊ែល សារ៉ាត់ ជាសមាជិក និងឯកឧត្តម ហង្ស ពុទ្ធា ជាសមាជិក។ 

ស្ថិតក្នុងបរិយាកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្ដុង្គឧត្ដមនៃរដ្ឋសភា ដែលបានផ្តល់សេចក្តីទុកចិត្តដល់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបន្តបេសកកម្មរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជាសកល និងអសកល នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមការកំណត់នៃច្បាប់។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់ឯកឧត្តម លោក លោកស្រី មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលអញ្ជើញចូលរួមក្នុងពិធីដ៏វិសេសវិសាលនេះ ទាំងដោយផ្ទាល់ ទាំងតាមរយៈប្រព័ន្ធវីដេអូសន្និសីទពីចម្ងាយ។

ឯកឧត្តម លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេត្រី!
ក្រោយការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលរៀបចំដោយ អាជ្ញាធរ បណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “អ៊ុនតាក់” កម្ពុជាបានប្តេជ្ញាចិត្តរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតដោយខ្លួនឯងផ្ទាល់ សំដៅធានាឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ 

យោងតាមស្មារតីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យមួយត្រូវបានបង្កើតឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៨ ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនានានៅកម្ពុជា ហើយបើគិតមកដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតទាំងសកល ទាំងអសកល បានចំនួន ១៧លើក រួចមកហើយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន។ 
ក្នុងអាណត្តិរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាស់ ចាប់តាំងពីខ្ញុំបានចូលកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងធំធេងជូនជាតិ មាតុភូមិជាបន្តបន្ទាប់ ដែលរួមមានជាអាទិ៍ ភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងកាលៈទេសៈដ៏លំបាកដែលប្រទេសជាតិ ក៏ដូចជា សកលលោកកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានអត្រាអ្នកបោះឆ្នោតខ្ពស់រហូតដល់ទៅ ៨៤.៥៩% 
នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។

ការបោះឆ្នោតជាតិលើកចុងក្រោយ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំប្រកបដោយតម្លាភាព និងមានសុក្រឹតភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាទំនើប ដើម្បីជាជំនួយដល់កិច្ចប្រតិបត្តិការ ដោយដៃរបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត។ ការបោះឆ្នោតនេះ ក៏បានប្រព្រឹត្តទៅក្នុងសភាពការណ៍ដែលស្ថានភាព សង្គម សេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសុខភាពសាធារណៈមានការវិវត្តល្អប្រសើរ ដែលបង្កលក្ខណៈ និងបើកចំហលំហប្រជាធិបតេយ្យ សម្រាប់គ្រប់គណបក្សនយោបាយដែលមានគុណវុឌ្ឍិ ស្របតាមច្បាប់ជាធរមានអាចចូលរួមប្រកួតប្រជែងដោយសេរី និងដោយស្មើភាព។

នៅក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។ បន្ថែមលើនេះ ប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការរៀបចំការបោះឆ្នោត និងជាពិសេសពីបរិយាកាសល្អប្រសើរនៃការបោះឆ្នោត ដោយលើកឡើងជាអាទិ៍ថា “ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព” “ការបោះឆ្នោតសកលឆ្នាំ២០២៣ ប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរី និងយុត្តិធម៌” និង “ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ ហើយការបញ្ជូនលទ្ធផលពីការិយាល័យបោះឆ្នោត មកគណៈកម្មការរៀបចំការបោះឆ្នោតតាមលំដាប់ថ្នាក់ និងតាមប្រព័ន្ធ អេឡិចត្រូនិក បញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំង គួរឱ្យទុកចិត្តបាន”...។ល។ កត្តាទាំងនេះហើយ ជា សូចនាករ បង្ហាញពីជោគជ័យនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការបោះឆ្នោត ដែលជាការរួមចំណែករបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងជាពិសេសសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិមុន ដែលជាក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់ ក្នុងការដាក់ចេញនូវគោលនយោបាយ និងតាមដាន តម្រង់ទិសការអនុវត្តកិច្ចប្រតិបត្តិការរបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ 

ក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល មិនអាចកាត់ថ្លៃបាន ដែលសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាណត្តិមុនសម្រេចបាន និងសូមកត់ត្រាទុកនូវស្នាដៃទាំងនេះ ដើម្បីជាមេរៀនពិសោធន៍សម្រាប់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់អាណត្តិ ព្រមទាំងមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ យកធ្វើជាមូលដ្ឋាន ក្នុងការរៀបចំ ចាត់ចែង គ្រប់គ្រង និងកែលម្អការបោះឆ្នោតលើកក្រោយៗទៀត ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។   

ឯកឧត្តម លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេត្រី !

    ចំពោះមុខនេះ បន្ទាប់ពីបានប្រកាសចូលកាន់តំណែងភ្លាម សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ត្រូវបន្តបេសកកម្មក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតអសកលចំនួនពីរនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ស្របតាមការកំណត់នៃច្បាប់។ ផ្អែកលើសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មីនេះ រួមនឹងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ដែលជាសេនាធិការលើការងារបច្ចេកទេសប្រកបដោយ បទពិសោធន៍ ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងរៀបចំការបោះឆ្នោតអសកលទាំងពីរនេះ បានដោយជោគជ័យ។  

ខ្ញុំសូមគូសបញ្ជាក់ថា ទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមានការបោះឆ្នោតជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត សំដៅឆ្ពោះទៅ ការរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨ ជាបន្តទៀត។ 

ឯកឧត្តម លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេត្រី !

ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី ខ្ញុំសូមធ្វើការប្តេជ្ញាយ៉ាងមោះមុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ថា រូបខ្ញុំ រួមជាមួយនឹង ឯកឧត្តមអនុប្រធាន និងឯកឧត្តមសមាជិក គ.ជ.ប ទាំងអស់ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ភារកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់តាមការកំណត់នៃច្បាប់ ឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរៀបចំកម្មវិធីនេះ ឱ្យប្រព្រឹត្តទៅដោយជោគជ័យ តាមការគ្រោងទុក។ 
ជាទីបញ្ចប់ ឯកឧត្តម ប្រាជ្ញ ចន្ទ បានប្រសិទ្ធពរជ័យជូន ឯកឧត្តម លោក លោកស្រី និង អង្គពិធីទាំងមូល សូមជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានបញ្ចប់នៅវេលាម៉ោង ៩:០០ព្រឹក នាថ្ងៃខែឆ្នាំដដែល ប្រកបដោយភាពស្និទ្ធស្នាល៕
 

ទាញយកកម្មវិធី(App) CamNEC News